ជនជាប់ឃុំក្នុងពន្ធនាគារជាស្រី្តចំនួន១០៩នាក់ត្រូវបានឯកឧត្តម ប្លែក វ៉ារី អញ្ជើញជួបសំណេះសំណាលក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤



(បន្ទាយមានជ័យ) ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ រួមនឹងលោកជំទាវ នួម សុភ័ណ សមាជិករដ្ឋសភា បានអញ្ជើញជាអធិបតីភាព ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ដោយមានការអញ្ជើញចូលរួម លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោកលោកស្រីមន្ទីរអង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំ កងកម្លាំងមន្ត្រីពន្ធនាគារខេត្តបានចូលរួម ធ្វើឡើងនៅបរិវេណពន្ធនាគារខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។  


លោកឧត្តមអគ្គនុរក្សថ្នាក់លេខ១ ឆន ឈឺន បានឲ្យដឹងថា៖ ជនជាប់ឃុំក្នុងពន្ធនាគារសរុបជាក់ស្តែងមាន ចំនួន១៩៦៧នាក់ ស្រី្តមានចំនួន១០៩នាក់ ក្នុងនោះមាន អនិតិជន ចំនួន២៩៣នាក់ ស្រី០៥នាក់, ជនបរទេសមាន១០៧នាក់ ស្រី្ត១៤នាក់, ជនជាតិថៃ មាន៨៤នាក់ ស្រី្ត០៩នាក់, ជនជាតិវៀតណាម មាន០៦នាក់ ស្រី្ត០២នាក់, ជនជាតិឥណ្ឌូនេស៊ី មាន០៤នាក់, ជនជាតិចិនមាន០៨នាក់ ស្រ្តី០២, ជនជាតិចិនតៃវ៉ាន់ចំនួន ០៣នាក់ ស្ត្រី០១នាក់, ជនជាតិសិង្ហបុរី ម្នាក់, ជនជាតិឡាវ ចំនួនុម្នាក់។ 


លោកឧត្តមអគ្គនុរក្សថ្នាក់លេខ១ ឆន ឈឺន បន្តទៀតថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនៅ តួនាទីភារកិច្ចរបស់ខ្លួនដូចជា មានការអប់រំ កែប្រែ ស្តារនីតិសម្បទាការីបណ្តុះបណ្តាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងពន្ធនាគារ ក្នុងនោះមានការងារកសិកម្មការ អភិវឌ្ឍន៍ធនធាន មនុស្ស និងការអភិវឌ្ឍ ប្រកបដោយភាពទទួល ខុសត្រូវខ្ពស់ផងដែរ។ ក្រៅពីនេះអង្គភាពពន្ធនាគារ មានប៉ុស្តិ៍សុខភាពមួយខ្នង ផ្នែកសុខាភិបាលជាអ្នក ទទួលខុសត្រូវ។


អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយ កំណែទម្រង់ គឺការអប់រំកែប្រែ និងស្តារនីតិសម្បទា ដល់ជនជាប់ឃុំ ដែលមានការអប់រំផ្លូវចិត្ត រៀន អក្សរសាស្ត្រខ្មែរថ្នាក់ទី១ និងថ្នាក់ទី២ ចំណុច សំខាន់របស់អង្គភាពពន្ធនាគារ បានយកចិត្ត ទុកដាក់ធ្វើការបែងចែក ចំណាត់ថ្នាក់សន្តិសុខ ដែលជាមូលដ្ឋាន សម្រាប់ស្នើសុំបន្ធូរបន្ថយ និង លើកលែងទោស ដល់ទណ្ឌិតស្របតាមនីតិវិធី។ អង្គភាពពន្ធនាគារមានរោងជាងបណ្តុះបណ្តាល ចំនួនពីរខ្នង ដែលមានសកម្មភាពដូចជា រៀន កាត់ដេរ រៀនកាត់សក់ រៀនចាក់សំណាញ់ និងបរិក្ខាត្រជាក់ អគ្គិសនី។

នាឱកាសនោះដែរ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ៖ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋបាននាំគ្នា ប្រារព្ធឡើង ដើម្បីជាម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍន៍ស្ត្រីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកអភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស និងដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពភាពក្រីក្រ និងភាពងាយរងគ្រោះ ក្នុងន័យសុខសន្តិភាព នៅតែជាអាទិភាពចម្បង ទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប៕






















Powered by Blogger.