ស្រុកកំពង់ត្រឡាច៖ ព្រះកុសលសត្ថា ឆៃ សៅ ព្រះរាជាគណៈកិត្តិយស ព្រះសមុហ៍អនុគណស្រុកកំពង់ត្រឡាច និងជាព្រះគ្រូចៅអធិការវត្តចន្ទសុរិយា(ក្រឡាញ់) ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

 


ស្រុកកំពង់ត្រឡាច៖ ព្រះកុសលសត្ថា ឆៃ សៅ ព្រះរាជាគណៈកិត្តិយស ព្រះសមុហ៍អនុគណស្រុកកំពង់ត្រឡាច និងជាព្រះគ្រូចៅអធិការវត្តចន្ទសុរិយា(ក្រឡាញ់) ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានដឹកនាំព្រះសង្ឃ អាជ្ញាធរ ភូមិ ឃុំ និងប្រជាពុទ្ធបរិស័ទ រៀបចំបង្សុកូលឧទ្ទិសថ្វាយព្រះរាជមហាកុសល ព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តឧណ្ណាលោម កាលពីថ្ងៃអាទិត្យ ៨ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។


សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាសម្តេចព្រះមហាថេរដែលមានព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុត ក្នុងមួយព្រះជន្មសម្តេចបានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងបុព្វហេតុព្រះពុទ្ធសាសនា សង្គមជាតិ វប្បធម៌ អរិយធម៌ អក្សរសាស្ត្រ ជាពិសេសចំពោះបុព្វហេតុនៃការរីកចម្រើនរុងរឿងក្នុងវិស័យព្រះពុទ្ធសាសនា ។ ចំពោះព្រះដំណើរអនិច្ចធម្មនៃសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវធនធានដ៏កម្របំផុតរបស់ព្រះពុទ្ធសាសនា ដោយហេតុថា សម្តេចគឺជាវិញ្ញូសង្ឃ ដែលបានស្ថាបនានូវស្នាព្រះហត្ថយ៉ាងច្រើនអនេក ទាំងពុទ្ធចក្រ និងអាណាចក្រ ទុកសម្រាប់បច្ឆាជន ប្រើប្រាស់ជាធនធានក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ តទៅអនាគត ។


សូមឧទ្ទិសថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមព្រះវិញ្ញាណក្ខន្ធសម្តេច បានយាងទៅកាន់ព្រះសុគតិភព សូមបានយាងទៅដល់ស្ថានបរមសុខគឺព្រះនិព្វាន កុំបីឃ្លៀងឃ្លាតទ្បើយ ៕















Powered by Blogger.