ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរនិងមុខងារថ្មីៗ នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដល់មន្ត្រីមន្ទីរផែនការរាជធានីខេត្ត



(បន្ទាយមានជ័យ) ឯកឧត្តម ទុយ សុីណា រដ្ឋលេខាធិការនៃក្រសួងផែនការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រី នៃក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរនិងមុខងារថ្មីៗ នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដល់មន្ត្រីមន្ទីរផែនការរាជធានីខេត្ត ដែលមានសិក្ខាចូលរួមចំនួន ៨ខេត្ត ក្រុង ដែលមានរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី ៦.៧ ខែមីនា ឆ្នាំ ២០២៤ ធ្វើនៅសាលប្រជុំមន្ទីរផែនការខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។


លោកជំទាវ ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖បច្ចុប្បន្ននៅខេត្តមន្ទាយមានជ័យ បានអនុវត្តការធ្វើបច្ចុប្បន្នភាពលើប័ណ្ណសមធម៌ជិតផុតសុពលភាពទាំង ៦៧ឃុំ សង្កាត់៩ ក្រុង ស្រុក ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ទទួលបានលទ្ធផលគ្រួសារក្រីក្រសរុប ៣៥,២៦៨គ្រួសារ ក្នុងនោះគ្រួសារក្រីក្រកម្រិត១ ចំនួន១០,៩០៤គ្រួសារ និងគ្រួសារក្រីក្រកម្រិត ២ចំនួន ២៤,៣៦៤គ្រួសារ និងគ្រួសារងាយរោងហានិភ័យចំនួន ៤២,៩៤៣គ្រួសារ លើគ្រួសារសរុបទូទាំងខេត្តចំនួន ២០១,៣៨១គ្រួសារ ស្មើនឹង១៧,៥១ភាគរយ។


លោកជំទាវ ព្រំ សុីណា បានបន្តថា៖ លោក លោកស្រីដែលជាសិក្ខាកាមមកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនាពេលនេះមានខេត្ត ក្រុង ចំនួន៨ គឺ៖ខេត្តកំពង់ឆ្នាំង,ពោធិ៍សាត,បាត់ដំបង,ប៉ៃលិន,សៀមរាប,ឧត្តរមានជ័យ,បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។


ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលនោះឯកឧត្តម ទុយ សុីណា បានមានប្រសាសន៍លើកឡើងថា៖ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖

១,ដើម្បីពង្រឹងសមត្ថភាពដល់គ្រូបង្គោលរបស់មន្ទីរផែនការរាជធានី ខេត្ត ដើម្បីមានសមត្ថភាពបណ្ដុះបណ្ដាលបន្តដល់មន្ត្រីមន្ទីរ និងក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឃុំ សង្កាត់ អំពីមុខងារសំខាន់ៗ ដូចជាការកំណត់ផ្ដល់ប័ណ្ណការកែសម្រួលព័ត៌មានគ្រួសារ ការដកប័ណ្ណពីគ្រួសារចេញពីបញ្ជីគ្រួសារក្រីក្រ ការគ្រប់គ្រងមតិជំទាស់និងសំណូមពរ និងការផ្សព្វផ្សាយទំនាក់ទំនង។

២,ការពង្រឹងសមត្ថភាពមុខងារតាមដានត្រួតពិនិត្យនិងរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ។


ឯកឧត្តម បានធ្វើការផ្ដាំផ្ញើដល់លោក លោកស្រី ត្រូវបន្តយកចិត្តទុកដាក់គ្រូឧទ្ទេសសម្រាប់យកអនុវត្តទៅដល់តាមបណ្ដាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅយន្តការពង្រឹងកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដល់មន្ត្រីមន្ទីរផែនការរាជធានីខេត្ត ដើម្បីឲ្យមានប្រសិទ្ធភាព តម្លាភាព ប្រកបដោយគុណភាព ទាន់ពេលវេលា និងអាចគ្រប់គ្រងបាន៕





















Powered by Blogger.