អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ និងបញ្ជូនជនជាតិថៃ២នាក់ ទៅតុលាការ ក្រោយបង្ក្រាបបានពាក់ព័ន្ធករណីគ្រឿងញៀន



បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន២នាក់ ចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង២នាក់នោះ រួមមាន ទី១៖ឈ្មោះ សាន់ទិ យិនមែន ហៅនួត អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នស្រុកតាផៃយ៉ា ខេត្តស្រះកែវ ប្រទេសថៃ (រក្សាទុក) និងទី២៖ឈ្មោះ ឆៃវ៉ាត់ ឈុមសាល ហៅណាត់ អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់)។


ក្នុងនោះសមត្ថកិច្ចដកហូតបាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន៥កូនថង់កិប, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង (WY) ចំនួន១១កូនថង់កិប ស្មើនឹង៧៨គ្រាប់, ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដា Zoomer-X ពណ៌ស-ស្វាយ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ1GY-3126, ទូរស័ព្ទ ចំនួន២គ្រឿង (ម៉ាកOPPO A57 ពណ៌ខ្មៅ បែកអេក្រង់, ម៉ាកIPhone7 ពណ៌ផ្កាឈូក) និងសម្ភារៈមួយចំនួនទៀត។


ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យទាំង២នាក់បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងកមលក់ផង និងប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូន ទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕






Powered by Blogger.