ក្រសួងយុត្តិធម៌រៀបចំពិធីសំណេះសំណាល និងពិធីពិសាអាហារសាមគ្គីរួមគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងយុត្តិធម៌ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២៤
ក្រសួងយុត្តិធម៌រៀបចំពិធីសំណេះសំណាល និងពិធីពិសាអាហារសាមគ្គីរួមគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងយុត្តិធម៌ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២៤ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ដែលនឹងឈានចូលមកដល់នាពេលខាងមុខ
ទីស្តីការក្រសួងយុត្តិធម៌៖ កាលពីល្ងាចថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤, ក្រសួងយុត្តិធម៌បានរៀបចំពិធីសំណេះសំណាល និងពិធីពិសាអាហារសាមគ្គីរួមគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងយុត្តិធម៌ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងយុត្តិធម៌, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានចំនួនសរុបប្រមាណ ៥០០ រូប។
មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងយុត្តិធម៌ ក៏ដូចជាស្ត្រីទាំងអស់នៅក្នុងវិស័យយុត្តិធម៌ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍវិស័យយុត្តិធម៌ ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ជាពិសេស លើការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា សំដៅរួមចំណែកក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដែលជាកត្តាដ៏សំខាន់ក្នុងការជួយពង្រឹងស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាជួយពង្រឹងនូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើវិស័យនេះ។
ស្របពេលដែលការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ២០២៤ លើទី១១៣ នេះ ធ្វើឡើងក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យស្រ្តីដែលបំពេញការងារនៅក្នុងវិស័យយុត្តិធម៌ទាំងមូល បន្តបង្កើន និងពង្រឹងសមត្ថភាពរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល និងបន្តបង្កើនការចូលរួមរបស់ខ្លួននៅក្នុងវិស័យឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ម្យ៉ាង ដើម្បីដើរឱ្យទាន់ការប្រែប្រួលនៃសង្គមជាតិក្នុងយុគសម័យថ្មី ដែលមានលក្ខណៈទំនើប និងជឿនលឿន និងម្យ៉ាងទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងាររបស់ខ្លួន។
ដើម្បីជាការអបអរសាទរ និងដើម្បីធ្វើឱ្យបរិយាកាសកម្មវិធីនេះកាន់តែសប្បាយរីករាយ, នៅក្នុងពិធីនេះមានការរៀបចំប្រគល់នូវបាច់ផ្កា ថវិកា និងវត្ថុអនុស្សាវរីយ៍ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាជាស្រ្តី ហើយបន្ថែមពីនេះ ក៏មានការរៀបចំកម្មវិធីចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមាន ថវិកា, ម៉ូតូ, កុំព្យូទ័រយួរដៃ, Tablet, Hard Disk, ឆ្នាំងដាំបាយអគ្គិសនី និងរង្វាន់ផ្សេងៗជាច្រើនទៀត ដោយត្រូវបានរៀបចំជា២លើក ក្នុងនោះ (លើកទី១)-ត្រូវបានរៀបចំជាពិសេសសម្រាប់តែមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលជានារី និង (លើកទី២)-សម្រាប់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃក្រសួងយុត្តិធម៌ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
Post a Comment