ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំកម្លាំងទាំង៣ ចុះពន្លត់ភ្លើងឆេះព្រៃលើភ្នំស្វាយ ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងទាំង៣ ចុះពន្លត់អគ្គីភ័យឆាបឆេះព្រៃលើភ្នំស្វាយ ក្បែរលំនៅស្ថានប្រជាពលរដ្ឋ ស្ថិតនៅភូមិគោរដ្ឋាន សង្គាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤។


ភ្លើងកំពុងតែឆេះនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងមេបញ្ជាការទិសទី១បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងជាង១ពាន់នាក់មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹងរងខេត្ត កម្លាំងអង្គភាពស៊ីម៉ាក់និងរថយន្តពន្លត់អគីភ័យ១១គ្រឿង មកពីអធិការដ្ឋានទាំង៩ស្រុក/ក្រុងខេត្ត២គ្រឿងបើកប្រត្តិបត្តការបាញ់ពន្លត់ភ្លើងកំពុងឆេះនោះយ៉ាង សស្រាក់ សស្រាំ ពីម៉ោង១រសៀលរហូតដល់ម៉ោង៤ល្ងាចទើបគ្រប់គ្រងស្ថានការភ្លើងឆេះភ្នំស្វាយនេះបានទាំងស្រុង ក្នុងនោះមានរថយន្តពន្លត់បាញ់ការពារមិនឲ្យរាលដាលឆាបឆេះដល់ផ្ទៈសម្បែងប្រជាពលរដ្ឋរស់នៅជាប់ជើងភ្នំរាប់រយគ្រួសារផងដែរ។

ភ្លើងឆេះលើភ្នំស្វាយគឺផ្តើមឆេះពី ផ្នែកខាងកើតក្រោយសាលាខេត្តរាល ដាលឆេះទៅខាងត្បូង ឆេះផ្នែកខាងលើខ្លាំងត្រូវបានកម្លាំងជួយអន្តរាគមន៍ដោយប្រើប្រាស់បាវជ្រលក់ទឹកវ៉ៃពន្លត់ផ្នែកខាងលើភ្នំ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបន្តឲ្យដឹងថា៖ ភ្លើងដែលឆេះភ្នំស្វាយមានរយៈពេលជិត៤ម៉ោងទើបរលត់បានទាំងស្រុងមានកម្លាំងជាង១ពាន់នាក់និងរថយន្តពន្លត់អគ្គីភ័យ១១គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ភ្លើងឆេះនេះមិនបង្កឲ្យប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋទេនៅពេលដែលកម្លាំងចុះអន្តរាគមន៍ពន្លត់បានទាន់ពេល។

ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី សូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងនៅរដូវប្រាំងហួតហែងដែលប្រឈម និងឆាបឆេះខ្លាំងណាស់៕















Powered by Blogger.