បេក្ខជនចំនួន៨០៩អង្គ/នាក់ និមន្តអញ្ជើញប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលរៀបចំឡើងដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២៤-២០២៥ ដោយមានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះអគ្គាធិការរង ព្រះអគ្គាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មួយអន្លើដោយ ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម និងមន្ត្រីរាជការទាំងអស់ នៃក្រសួងធម្មការនិងសាសនា នៅមណ្ឌលរាជធានីភ្នំពេញ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
មានប្រសាសន៍ក្នុងពិធីដ៏វិសេសវិសាលនោះ លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការ ក៏បានសម្តែងនូវក្តីសោមនស្សរីករាយ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិគ្រប់ព្រះអង្គ មានសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ជាព្រះអគ្គាធិការដែលតែងតែយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ក្នុងការប្តេជ្ញាចិត្តបន្តអនុវត្តការកែលម្អគុណភាពអប់រំ និងការប្រឡងជាប្រចាំ ដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលនិងអភិវឌ្ឍវិស័យអប់រំព្រះពុទ្ធសាសនា ដើម្បីផលិតបាននូវមូលធនមនុស្ស សម្រាប់បម្រើដល់ការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានិងសង្គមជាតិ ស្របតាមកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ជាមួយនេះដែរ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងចូលរៀននេះ លោកស្រី ទូច សារ៉ុម បានមានប្រសាសន៍ផ្តាំផ្ញើឱ្យបេក្ខសមណៈ បេក្ខជនគ្រប់រូប ត្រូវរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ គោរពតាមបទប្បញ្ញត្តិទូទៅ នៃការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដែលប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃ ហើយលោកជំទាវក៏បានប្រគេននិងជូនពរបេក្ខសមណៈ បេក្ខជនគ្រប់រូប ប្រឡងជាប់ ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួនតាមព្រះបន្ទូលរបស់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ដែលលើកឡើងថា «អ្នកចេះគឺជាប់»។
ការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នេះមានរយៈពេល១ថ្ងៃពេញ មានចំនួន៣មណ្ឌល គឺមណ្ឌលរាជធានីភ្នំពេញ (ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត) មណ្ឌលខេត្តសៀមរាប(ពុទ្ធិកវិទ្យាល័យរាជបូណ៌) និងមណ្ឌលខេត្តកំពង់ចាម(ពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត) ដែលមានបេក្ខសមណៈ បេក្ខជន សរុប ៨០៩ អង្គ/នាក់ ស្មើនឹង ៣៤ បន្ទប់ ដែលនិមន្តអញ្ជើញមកពីគ្រប់រាជធានីខេត្ត។ ដោយឡែក ចំពោះវិញ្ញាសាប្រឡងមានចំនួន៤មុខវិជ្ជាគឺ៖ ភាសាបាលី ភាសាខ្មែរ ព្រះវិន័យនិងព្រះអភិធម្ម និងគណិតវិទ្យា។
គួរបញ្ជាក់ថា នៅឆ្នាំនេះគ្រប់ការប្រឡងទាំងអស់ដែលរៀបចំឡើងដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ត្រូវបានរឹតបន្តឹងយ៉ាងតឹងរឹង ស្របតាមព្រះបន្ទូលសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិថា «យកគុណភាពប្រសើរជាងបរិមាណ»៕
Post a Comment