ឃាត់ខ្លួនជនសង្ស័យ០៦នាក់ ករណីប្លន់ម៉ូតូ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ



រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ ចំនួន០៦នាក់ ពាក់ព័ន្ធករណី ប្លន់យកម៉ូតូ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចំនួន០៣ករណី ។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌ ប្រាប់ឱ្យដឹងថា ជនសង្ស័យធ្វើសកម្មភាព ប្លន់យកម៉ូតូ ចំនួន០៣ករណី ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ចំនួន០៦នាក់ រួមមាន ៖

១-ឈ្មោះ ផល ពិសាល ហៅ ជ្រូក ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

២-ឈ្មោះ ដួង រស្មី ហៅ ហ្វី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រត់តុការ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

៣-ឈ្មោះ ផាត សុភក្ត្រា ហៅ វីន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រត់តុការ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

៤-ឈ្មោះ សៅ រតនា ហៅ ឃ្មុំ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ តុបតែងរោងការ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

៥-ឈ្មោះ ផាន រតនៈពិសាល ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

និង៦-ឈ្មោះ ហុង សុធារស ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ភូមិ១២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។


ករណីទី១៖ ប្រព្រឹត្តនៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ តាកែវ 1Z-6282 ។


ករណីទី២៖ ប្រព្រឹត្តនៅចំណុចខាងជើងច្រកចូលបុរីវីអាយភីចម្ងាយ១០ម៉ែត្រ ផ្លូវលេខ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KG-7339 ។


ករណីទី៣៖ ប្រព្រឹត្តនៅចំណុចលើស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1JH-9723 ។


វត្ថុតាង (ម៉ូតូជិះធ្វើសកម្មភាព) ដែលចាប់យកបាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ឈាមជ្រូក សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ 1AS-0651, ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1JT-9532។ ភស្តុតាង (ម៉ូតូរបស់ជនរងគ្រោះឈ្មោះ ជា ឈួយ) ដែលចាប់យកបានម៉ូតូដែលប្លន់បានម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខតាកែវ 1Z-6282 ។


បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាងជាមធ្យោបាយជិះធ្វើសកម្មភាព និងម៉ូតូជារបស់ជនរងគ្រោះ ដែលចាប់យកបានខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕


Powered by Blogger.