សមត្ថកិច្ចចម្រុះចុះចាប់ដល់ផ្ទះ ក្រោយផ្សាយផ្ទាល់ (លក់សំណាក់សត្វព្រៃ តាមហ្វេសប៊ុក ) ក្នុងក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើកណ្ដាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការឆែកឆេរលំនៅឋានមួយកន្លែង ស្ថិតនៅក្នុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ប្រភពព័ត៌មាន បានអោយដឹងថា ការចុះឆែកឆេរលំនៅឋានខាងលើ គឺធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅឋានរូបនោះ ឡាយផ្ទាល់បង្ហោះលក់សំណាកសត្វព្រៃ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ក្រោយការតាមដានអង្កេតស្រាវជ្រាវ ទើបកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើកណ្ដាល ដោយរួមសហការរដ្ឋបាលព្រៃឈើថ្នាក់ខេត្ត រួមនឹងកម្លាំងអាវុធហត្ថ ចុះដល់ទីតាំងនិងឆែកឆេររកឃើញសំណាក់សត្វព្រៃ ជាច្រើន ។
ប្រភពដដែលបន្តថា បន្ទាប់ពីកម្លាំងសមត្ថកិច្ច ចុះដល់លំនៅឋានខាងលើ បានជម្រាបម្ចាស់លំនៅឋានឈ្មោះ អូន រស្មី ភេទប្រុសអាយុ៣៦ឆ្នាំ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា ដើម្បីធ្វើការឆែកឆេរ រុករកវត្ថុតាងបទល្មើសសត្វព្រៃ មន្ត្រីជំនាញបានឲ្យម្ចាស់ផ្ទះជូនទៅធ្វើការឆែកទីតាំងគ្រប់ទីកន្លែង ក្នុងនិងក្រៅបរិវេណ ក៏បានប្រទះឃើញ និងដកហូតបណ្ដោះអាសន្ន សត្វព្រៃ និងសំណាក់សត្វ រួមមាន ៖
១. កន្ទុយក្ងោក ០១កន្ទុយ
២. ក្រពោះប្រម៉ាក្រៀម ០៥ក្រពះ
៣. ស្នែងឈ្លូស ជាប់ឆ្អឹងក្បាល ១០ស្នែង
៤. ស្នែងប្រើស ០៦ដុំ
៥. ចង្គូមជ្រូកព្រៃ(ចែ) ៣៦ចង្កូម
៦. ក្រចកខ្លាឃ្មុំ ០៤ក្រចក
៧. ធ្មេញជ្រូកព្រៃ ៣៨ឆ្មេញ
៨. ស្វាក្រេសញី០២ក្បាល (ញីទាំពីរ) ។
ម្ចាស់លំនៅឋាន ក្រោយពីការទទួលពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើរួចមក ព្រះរាជអាជ្ញា ក៏សម្រេចអោយត្រឡប់ទៅវិញ ចំណែក សត្វស្វាក្រេសញី២ក្បាល ត្រូវនាំទៅសង្គ្រោះ នៅនៅកន្លែងមានសុវត្ថិភាព ៕
Post a Comment