ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាល ក្រុង ស្រុក ចំនួន៦ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ

 


(បន្ទាយមានជ័យ) ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាល ក្រុង ស្រុក ចំនួន៦ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំ(ធំ)សាលាខេត្ត។


ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា៖ ការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលប្រតិភូកម្មអំណាចមកឱ្យគណៈអភិបាលរាជធានីខេត្ត ស្រុក ក្រុង តាមរយៈអនុក្រឹត្យលេខ ២៤០អនក្រ.បក ឆ្នាំ២០១៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបំពេញការងាររបស់បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ហើយកិច្ចការនេះរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់អនុវត្តដោយសុក្រិតអនុលោមតាមសេចក្ដីណែនាំរបស់ក្រសួងមុខងារសាធារណៈករណីតែងតាំងគឺត្រូវផ្អែកលើគោលការណ៍មុខតំណែងដែលនៅទំនេរឯកសារផ្លាស់ប្តូរគឺផ្អែកលើគោលការណ៍អាណត្តិ ដែលត្រូវបំពេញហើយទន្ទឹមនឹងនោះក៏ត្រូវផ្អែកលើលក្ខណៈសម្បត្តិ និងឧប្បនិស្ស័យ បុគ្គលដែលត្រូវតែងតាំង ឬផ្ទេរភារកិច្ចឬប្រគល់ភារៈកិច្ចនោះមានដូចក្នុងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌនីមួយៗ ជាបុគ្គលប្រកបដោយគុណសម្បត្តិ មានសមត្ថភាពដឹកនាំគ្រប់គ្រង មានគំនិតផ្ដួចផ្ដើម ក្នុងការអនុវត្តការងារ មានក្រមសីលធម៌ មានសាមគ្គីល្អ និងមានមនសិការវិជ្ជាជីវៈ ក្នុងនោះស្ត្រីត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពដល់ការតែងតាំងនិងមុខតំណែងណាមួយ ដើម្បីឆ្លើយតបនឹងគោលនយោបាយយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីនៅកម្ពុជា។


ជាមួយគ្នានេះឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា៖ ការផ្ទេរភារៈកិច្ច ការតែងតាំងមន្ត្រី គឺជាដំណើរការជាប្រក្រតីធម្មតាសម្រាប់ដំណើរការគ្រប់គ្រងបុគ្គលិកបំពេញការងារប្រចាំថ្ងៃដោយអនុលោមទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕























Powered by Blogger.