កម្មករប្រមាណ ៣១នាក់ របួសធ្ងន់ស្រាល បង្កដោយ ជនជាតិវៀតណាមម្នាក់ បើករថយន្ត Ford ស្លាកលេខខេមរភូមិន្ទ បុករះ​ វគ្គ១

កណ្តាល៖ កម្មករ-ការិនីចំនួន៣១នាក់ បានរងរបួស ក្នុងនោះ៤នាក់របួសធ្ងន់ធ្ងរ ដោយសារអ្នកជំនួញជនជាតិវៀតណាមម្នាក់បើកឡាន Ford ស្លាកខេមរភូមិន្ទ ខ្វះការប្រុងប្រយ័ត្នបុករះ។ ហេតុការណ៍នេះ បានកើតឡើងនារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បុករះដែលបណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួសនេះ គឺដោយសារបុរសម្នាក់ជាជនជាតិវៀតណាម បានបើកឡានបុករ៉ឺម៉កម៉ូតូ ដឹកកម្មករ ផាស់អាប់ និងម៉ូតូ ដែលបណ្តាលឲ្យរងរបួសចំនួន៣១នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៤នាក់ និងរងរបួសស្រាលចំនួន២៧នាក់។ អ្នកបើកររថយន្តបង្កឈ្មោះ PHAM MINH CANH ជនជាតិវៀតណាម អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាន។

លោកអធិការ បានបញ្ជាក់បន្ថែមថា មូលហេតុនៃគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបររថយន្តបង្កមានការខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ដោយមុនពេលកើតហេតុ ជនជាតិវៀតណាមខាងលើ បានបើកបររថយន្តម៉ាក FORD RAPTOR ពណ៌ក្រហម ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-1862 តាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង។

ពេលមកដល់ចំណុចកើតហេតុ បានបុករ៉ឺម៉កម៉ូតូ១គ្រឿងបើកបរដោយឈ្មោះ យ៉យ ញ៉ ភេទប្រុស អាយុ៤៥ឆ្នាំ ដែលផ្ទុកកម្មការនីចំនួន២២នាក់ ពីក្រោយ បណ្តាលឲ្យអ្នកបើករ៉ឺម៉ក និងអ្នកជិះលើរ៉ឺម៉កចំនួន៤នាក់រងរបូសធ្ងន់ និងរបួសស្រាល១៩នាក់ រួចក៏ជ្រុលទៅបុកផាស់អេប មួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 1HS.5956 បើកបរដោយឈ្មោះ រាជ វិសាល ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានទិសដៅស្របគ្នា មានផ្ទុកមនុស្សចំនួន៥នាក់ ហើយក៏ខ្ទាតទៅបុកស្ត្រីម្នាក់ទៀតដែលកំពុងអង្គុយលើម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AF.3600 បណ្តាលឱ្យរងផ្ទុបចូលគ្នារងរបួសធ្ងន់ចំនួន៤នាក់ និងរបួសស្រាលចំនួន២៧នាក់។

លោកថា ក្រោយបង្កហេតុប្រជាពលរដ្ឋបាននាំគ្នាព័ទ្ធចាប់បានទាំងអ្នកបើកបរ និងរថយន្ត ប្រគល់ឲ្យសមត្ថកិច្ច ហើយចំពោះអ្នករបួសធ្ងន់ទាំង៤នាក់ ត្រូវបានរថយន្តសាមុយដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ភ្លាមៗផងដែរ។ រីឯអ្នកបើកបររថយន្តបង្ក និងមធ្យោបាយពាក់ព័ន្ធ ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់៕






Powered by Blogger.