ជនជាតិចិន០២នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តពាក់ព័ន្ធករណី ហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ព្រមទាំងករណី រក្សាទុក ចែកចាយនូវសារធាតុញៀនដោយខុសច្បាប់...



(បន្ទាយមានជ័យ) នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហ័ង ពូ ហៅ អាហៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណី ហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលវេលម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅចំណុចបុរីដឺផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងរួច លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាជនជាតិចិន តាមពាក្យបណ្ដឹងខាងលើ នៅចំណុច បុរីKN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ និងដកហូតវត្ថុតាងរួនមាន អាវុធខ្លីចំនួន០៣ដើម ក្នុងនោះមានអាវុធម៉ាក G Lock 19 លេខBGDV859 ចំនួន០១ដើម, អាវុធម៉ាក ANSAR 17 លេខ2203516 ចំនួន០១ដើម, អាវុធម៉ាក G LOCK 17 លេខ2300617 ចំនួន០១ដើម, និងអាវុធវែងចំនួន០១ដើម ម៉ាក ESCORT MAGNUM លេខ5760359 ចំនួន០១ដើម និងគ្រាប់ចំនួន០២គ្រាប់, បង់អាវុធចំនួន០៣, ដំបងឆក់ ចំនួន០១ដើម, គ្រាប់អាវុធខ្លីចំនួន៦០គ្រាប់, ខ្នោះដៃចំនួន២គូរ, គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន០៦កូនថង់កិប ស្មើនឹងទម្ងន់១២,៥៦ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង(WY)ចំនួន០១ថង់កិប ស្មើនឹង១៩៦គ្រាប់ ទម្ងន់២១,៥៩ក្រាម, គ្រឿងញៀនប្រភេទម្សៅពណ៌ស(កេតាមីន)ចំនួន០១កូនថង់កិប ទម្ងន់០,៦៦ក្រាម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀ និងប័ណ្ណសំគាល់ខ្លួនជាច្រើនទៀត។ 


   លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យ ១-ឈ្មោះ ជា ជីនហ្គ័រ ហៅកាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ លី អ៊ីនឈុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 


    ជនសង្ស័យទាំង០២នាក់ ក្រោយឃាត់ខ្លួន និងសួរនាំរួច បានឆ្លើយសារភាពថា កាលពីមួយឆ្នាំមុន ថៅកែរបស់ខ្លួនបានប្រគល់កាំភ្លើងខ្លីចំនួន០២ដើម និងកាំភ្លើងវែងចំនួន០១ដើម ព្រមទាំងគ្រាប់កាំភ្លើងមួយចំនួន ទុកសម្រាប់ការពារក្នុងហាង អេផ្លាស ហើយរូបខ្លួនបានយកកាំភ្លើងនោះមករក្សាទុកក្នុងបន្ទប់របស់ខ្លួនជួលស្នាក់នៅ។ បន្ទាប់មកនៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ពួកខ្លួនខឹងនឹងឈ្មោះ ហ័ង ពូ ហៅអាហៃ ដោយពួកខ្លួនខ្ចីប្រាក់មិនបានទើបប្រើប្រាស់អាវុធវាយគំរាម អាហៃ និងប្រពន្ធរបស់វា ពិតប្រាកដមែន ចំណែកគ្រឿងញៀនដែលសម្ថកិច្ចដកហូតខាងលើ គឺពួកគេទិញមកសម្រាប់ប្រើប្រាស់ខ្លួនឯងតែប៉ុណ្ណោះ។ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 


លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនពេលបង្រ្កាបបទល្មើសខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីធ្វើការចោទប្រកាន់តាមនីតិវិធីហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភ: ឆ្នាំ២០២៤នេះ៕







Powered by Blogger.