ឃាត់ខ្លួនជនជាតិចិន ៣នាក់ និងអ្នកបើកបរម្នាក់លួចឆ្លងដែនខុសច្បាប់ ក្នុងស្រុកឆែបជាប់ខេត្តស្ទឹងត្រែង



ស្ទឹងត្រែង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប ដែលមានព្រំប្រទល់ជាប់ស្រុកថាឡាបរិវ៉ាត់នៃខេត្តស្ទឹងត្រែង សៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤បានឃាត់ខ្លួនជនជាតិចិនប្រុសស្រី៣នាក់ និងអ្នកបើកបរដឹកជញ្ជូនម្នាក់ ខណៈលួចឆ្លងដែនខុសច្បាប់ ចេញពីប្រទេសឡាវ រួចបញ្ជួនទៅកាន់ការិយាល័យផ្នែកអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់វិធានការតាមនីតិវិធី ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុកឆែបបានឱ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឆែប បានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យយ៉ាងតឹងរឹង២៤ម៉ោងលើ២៤ម៉ោង លុះនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៣នាក់ រួមនឹងខ្មែរម្នាក់ ដែលជាអ្នកបើករថយន្ដ ដឹកជនបរទេសសង្ស័យលួចឆ្លងដែនខុសច្បាប់ ។

ក្រោយពីត្រួតពិនិត្យជាក់ស្ដែង នៅទីទាំងប៉ុស្ដិ៍ត្រួតពិនិត្យក្នុងមូលដ្ឋានស្រុកឆែប កម្លាំងសមត្ថកិច្ចនៅគោលដៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបណ្ដោះអាសន្ន រួមនិងរថយន្តមួយគ្រឿងដែលជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ។

ជនសង្ស័យខាងលើ ១.ឈ្មោះ-រ៉ុម ចំរើន អាយុ៣៥ឆ្នាំជនជាតិខ្មែរជាអ្នកបើកបរ ។ ២.ឈ្មោះ  shi jia yu ភេទស្រី អាយុ២០ឆ្នាំ ជនជាតិចិន ។ ៣.ឈ្មោះ Tang Jian hang អាយុ២៤ឆ្នាំ ជនជាតិចិន ។ ៣.ឈ្មោះ Li jie shuai  អាយុ២៥ឆ្នាំ ជនជាតិចិន ។

ក្នុងនោះសមត្ថកិច្ចដកហូតបណ្តោះអាសន្ន រួមមានៈលុយ៣០ដុល្លារ-លុយខ្មែរចំនួន១៨.០០០រៀល ទូរស័ព្ទ៤គ្រឿង រថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BH-7798 ១គ្រឿង ៕


Powered by Blogger.