ដំណើរទស្សនកិច្ចនៅថៃ សម្តេចធិបតីហ៊ុន ម៉ាណែត នឹងចូលគាល់មហាក្សត្រថៃផង ពិភាក្សាជាមួយមេដឹកនាំថៃផង


សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ដោយនេះ ជាដំណើរទស្សនកិច្ចលើកដំបូងចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជានៅខែសីហាឆ្នាំ២០២៣។

បើយោង​តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃនោះ នាយករដ្ឋមន្រ្តីកម្ពុជានឹងជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរនិងក្នុងតំបន់ ជាមួយនាយករដ្ឋមន្ត្រីថៃ ក៏ដូចជាចូលគាល់មហាក្សត្រថៃ គឺព្រះចៅ វ៉ាជីរ៉ាឡុងកន ផងដែរ។ បន្ថែមពីលើនេះ សម្តេចនឹងអញ្ជើញជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ រួមមាន លោកសាស្ត្រាចារ្យ ផនកេត វិឈិតធុល ឆៃ ប្រធានព្រឹទ្ធសភា និង លោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។ ជាមួយគ្នានោះសម្តេចធិបតី ក៏នឹងថ្លែងសុន្ទរកថាបើកនៅក្នុង វេទិកាធុរកិច្ចកម្ពុជា-ថៃ។

យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ ថ្នាក់ដឹកនាំកំពូលនៃប្រទេសក្បែរខាងទាំង២ នឹងជួបពិភាក្សាគ្នាអំពីតំបន់ទាមទារត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រ ឬត្រូវបានគេហៅជាភាសាអង់គ្លេសថា OCA ជាតំបន់ដែលសម្បូរទៅដោយធនធាន និងថាមពល ជាមួយនឹងទំហំ ២៦០០០គីឡូម៉ែត្រក្រឡា ស្ថិតនៅឈូងសមុទ្រថៃ។ តំបន់នេះជាតំបន់ប្រទាញប្រទង់ ទាមទារដោយប្រទេសទាំងពីរ អស់ពេលយូរណាស់មកហើយ តែមិនទាន់ចរចាគ្នាត្រូវនៅឡើយ។ សូមជម្រាបថា ជាការកត់សម្គាល់របស់ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ថៃ នាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ។

គួររំឭកថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសថៃពេលនេះគឺធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថ្មីរបស់ថៃ បានមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងដូចគ្នានៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣ ពោលគឺក្រោយការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ដែលជាការចូលកាន់តំណែងចំថ្ងៃតែមួយ នៃការចូលកាន់តំណែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជាដែរ៕

Powered by Blogger.