អភិបាលខេត្តដំបូងគេ ដឹកនាំមន្ត្រីរាជការ ធ្វើតេស្តរកសារធាតុញៀន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល



ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងខេត្តព្រះសីហនុ ធ្វើតេស្តរកសារធាតុញៀនតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ស្តីពីការដាក់ចេញនូវវិធានាការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើក ទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ 

ការពិនិត្យធ្វើតេស្តរកសារធាតុញៀននេះ បានចាប់ផ្តើមធ្វើនៅថ្ងៃទី២៦ និងថ្ងៃទី២៧ខែកុម្ភ: ឆ្នាំ២០២៤។ ហើយការធ្វើតេស្តរកសារធាតុញៀននេះ ដើម្បីបញ្ជាក់ថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តព្រះ សីហនុ មិនមានការពាក់ព័ន្ធនឹងសារធាតុញៀន។

  

លោក អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រាជរដ្ឋាភិបាលបានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្តរីករាលដាលគួរឱ្យព្រួយបារម្ភទាំងក្នុងតំបន់ និងលើពិភពលោករួមទាំងកម្ពុជាផងដែរ។ ដូចនីតិកាលមុនៗដែរ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺអាទិភាពដ៏សំខាន់របស់ខ្លួន ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញនូវផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ។

   

ដូចនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿង ញៀនខុសច្បាប់លើកទី៩ ឲ្យមានប្រសិទ្ធិភាព ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ។

  

សូមបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុ ត្រូវអនុវត្តបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា និងការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយរៀបចំធ្វើតេស្តចំពោះមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៅតាមមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក អាជ្ញាធរ ឃុំ សង្កាត់ទាំងអស់នៅក្នុងខេត្តព្រះសីហនុ ដើម្បីបញ្ជាក់ថា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តព្រះសីហនុ មិនមានការពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ៕









Powered by Blogger.