ឃាត់ខ្លួន​មនុស្ស ៦​នាក់ ព្រួត​គ្នា​វាយ​ជនបរទេស​ម្នាក់​ស្លា​.​ប់​ក្នុង​បន្ទប់​ជួល នៅ​ខណ្ឌដូនពេញ

 


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ជា​ជនបរទេស​ទួ​រ​គី ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុងភូមិ ព្រួត​គ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​ស្លា​.​ប់​នៅ​បន្ទប់​ជួល ខណៈ​ពេល​ជនបរទេស​រូប​នោះ អង្គុយ​ជក់បារី​នៅ​លើ​បន្ទប់​ហើយ​ទម្លាក់​ចាន​មក​ក្រោម ត្រូវ​បុរស​ជា​ម្ចាស់ផ្ទះ ដែល​កំពុង​អង្គុយ​ផឹកស៊ី នៅ​ខាងក្រោម​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​០៦​នាក់ ។

ករណី​ហិ​.​ង្សា​ដោយ​ចេតនា​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​យប់​រំលង​អធ្រាត្រ​ឈាន ចូល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​ក្បែរ​ផ្សារ​សូ​រិ​យា​ម៉​ល ផ្លូវ​លេខ​៥១ ក្នុងភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច បានឱ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​មានឈ្មោះ UFUK ONTURK អាយុ​៥៣​ឆ្នាំ ជនជាតិ​ទួ​រ​គី ។

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​បញ្ជា​ទៅ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ ឈាន​ដល់​បង្ក្រាប​ករណី​ហិ​.​ង្សា​ដោយ​ចេតនា (​វា​យស​ម្លា​.​ប់​ជនជាតិ​ទួ​រ​គី​) ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៦​នាក់ នៅ​ចំណុច​ផ្ទះ​លេខ​១៦​អឺ​០​ហ្សេ​ត ភូមិ​១០ សង្កាត់​ផ្សា​ថ្មី​៣ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ចំនួន​០៦​នាក់ រួម​មាន ៖

១.​ឈ្មោះ ប៉ាវ គន្ធ​មុន្នី ភេទ​ស្រី

២.​ឈ្មោះ វ៉ា​ន់ ហួត ភេទ​ប្រុស

៣.​ឈ្មោះ ប៉ាវ គន្ធ​សុធា ហៅ​ចូ​ជ

៤.​ឈ្មោះ ឃួ​យ ម៉ិ​ញ​គាត ភេទ​ប្រុស

៥.​ឈ្មោះ ងួ​ន វណ្ណៈ ហៅ​ឆៃ ភេទ​ប្រុស

និង​៦.​ឈ្មោះ ប៉ាវ គន្ធ​សុធី ភេទ​ប្រុស ។


បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​សាលាដំបូង​រាជធានី ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ពាក់ព័ន្ធ​ករណី​ហិ​.​ង្សា​ដោយ​ចេតនា​ខាងលើ​នេះ ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្អូនថ្លៃ​ម្ចាស់ផ្ទះ​ម្នាក់ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ជា​បងថ្លៃ និង​ជា​ប្តី​ម្ចាស់ផ្ទះ​ម្នាក់ បាន​អង្គុយ​ហូប​អី​តិចតួច​នៅ​ខាងក្រោម​ផ្ទះ​។ ក្រោយមក​ក៏​ឃើញ​បុរស​ជនបរទេស (​ជន​រង​គ្រោះ​) បាន​អង្គុយ​ជក់បារី នៅ​ខាងលើ​ក្បែរ​បន្ទប់​ជួល​។ បន្ទាប់​មក​ពុំ​ដឹង​ថា បុរស​ជនបរទេស​រូប​នោះ​មានរឿង​អ្វី​នោះ​ទេ ក៏​បាន​ទម្លាក់​ចាន​ចុះ​មក​ក្រោម ប៊ិះ​ត្រូវ​បុរស​ជា​កូន​ម្ចាស់ផ្ទះ​។ ពេល​នោះ ក៏​មាន​ស្ត្រី​ជា​ម្ចាស់​បន្ទប់​ជួល ឡើង​ទៅ​មើល និង​សួរនាំ បែរជា​បុរស​ជនបរទេស​រូប​នោះ​ទាញ​ញញួរ វាយ​ទៅ​លើ​ស្ត្រី​រូប​នោះ រង​របួស​តិចតួច ហើយ​បុរស​ជា​ប្តី ក៏​ឡើង​ទៅ​ជួយ ក៏​ត្រូវ​ជនបរទេស​រូប​នោះ​វាយ​នឹង​ញញួរ​ឲ្យ​របួស​។ ទ​ង្វើ​បែប​នេះ ធ្វើ​ឱ្យ​អ្នក​ភូមិ​មាន​កំហឹង​យ៉ាង​ខ្លាំង ក៏​បាន​នាំ​គ្នា​ឡើង​ទៅ​វាយ​បុរស​ជនបរទេស​រូប​នោះ ដល់​ក្នុង​បន្ទប់​ជួល​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្ដាល​ឱ្យ​ដេក​ស្លា​.​ប់​ក្នុង​ថ្លុកឈាម រួច​ក៏​បាន​នាំ​គ្នា​រត់គេច​ចេញពី​ចំណុច​កើតហេតុ បាត់​ស្រមោល​អស់​ទៅ ។


បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​យក​ខ្សែ​ព័ទ្ធ​ជុំវិញ​ទីតាំង​កើតហេតុ រួច​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​ចុះ​មក​ពិនិត្យ រួច​ហើយ ដឹក​សព​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ទំនាក់ទំនង​រក​សាច់ញាតិ​នៅ​ពេល​ក្រោយ ៕ដោយ សាវី



Powered by Blogger.