ខែមករាដើមឆ្នាំ២០២៤ពន្ធដាប្រមូលចំណូលបានជិត៣០០លានដុល្លារអាមេរិក
ភ្នំពេញ៖ ចំណូលពន្ធផ្ទៃក្នុង ដែលប្រមូលបានដោយអគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមករា ឆ្នាំ២០២៤ មានចំនួន ១ ២០៩,១៤ ប៊ីលានរៀល ស្មើនឹង ២៩៨,៥៥ លានដុល្លារ ឬស្មើនឹង ៧,១៧% នៃផែនការកំណត់ដោយ ច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ចំពោះចំណូលពន្ធដែលប្រមូលបានក្នុង ខែដំបូង ឆ្នាំ២០២៤ នេះ មានការថយចុះចំនួន ៨,២៤ ប៊ីលានរៀល ស្មើនឹង ២,០៣ លានដុល្លារ ឬស្មើនឹង ០,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីសំណាក់លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកាលពីពេលថ្មីៗនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៤ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ។
ក្នុងកិច្ចប្រជុំនោះ លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារត្រូវខិតខំពង្រឹងការអនុវត្តច្បាប់ប្រកបដោយការយកចិត្តទុកដាក់ ខណៈបច្ចុប្បន្ន GDT កំពុងត្រៀមដាក់ឱ្យអនុវត្តនូវកម្មវិធីរដ្ឋបាលអេឡិចត្រូនិក (GDT e-Administration) ដែលនឹងផ្តល់ភាពងាយស្រួល ឆាប់រហ័សចំណេញពេលវេលា ប្រកបដោយភាពជឿទុកចិត្តលើការផ្តល់សេវាអ្នកជាប់ពន្ធ ក្នុងការដាក់លិខិតរដ្ឋបាលផ្សេងៗមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ។
ទន្ទឹមនឹងនេះលោកអគ្គនាយក ក៏បានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត ដោយបន្តស្រាវជ្រាវផ្តោតលើការយកចិត្តទុកដាក់ចំពោះ ការងារអាទិភាពដែលបាននិងកំពុងអនុវត្តនាពេលកន្លងមក ពិសេសពង្រឹងគុណភាពនៃការផ្តល់សេវា ដោយមន្ត្រីផ្តល់សេវាត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ចំពោះការងារ។
លោកគង់ វិបុល បានឱ្យដឹងបន្ថែមថា នាពេលខាងមុខដ៏ខ្លីនេះ អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ឱ្យសាធារណជន និងអ្នកជាប់ពន្ធប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិក (GDT e-Administration)ដោយចាប់តាំង ពីឆ្នាំ២០១២ មកអគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីសម្រេចឱ្យបាននូវអភិបាលកិច្ចល្អ (Good Governance) ហើយអភិបាលកិច្ចល្អនោះគឺជាការបង្កើតនូវប្រព័ន្ធការងារមួយដែលមានភាពងាយស្រួលនិងចំណេញពេលវេលាជូន អ្នកជាប់ពន្ធ។
ជាមួយគ្នានេះ ការអភិវឌ្ឍកម្មវិធី (GDT e-Administration) ជាការបោះជំហានមួយបន្ថែមទៀតរបស់រដ្ឋបាលសារពើពន្ធក្នុងការធ្វើបវិវត្តកម្មឌីជីថល ដែលជាការរួមចំណែកកសាងរាជរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ ក្នុងនោះក៏ដើម្បីឱ្យស្របតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារ ក្លាយជារដ្ឋបាលសារពើពន្ធឌីជីថលជំនាន់ទី១.៥ ទៅ២.៥ ក្នុងឆ្នាំ២០២៨ និងក្លាយជារដ្ឋបាលសារពើពន្ធឌីជីថលទាំងស្រុងជំនាន់ទី៣.០ (Tax Administration 3.0) នៅឆ្នាំ២០៣៥។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ១៤,៦២៩,១ ពាន់លានរៀល (ប្រមាណ ៣ ៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០២៣ កើនឡើង ៤,៤៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២២៕
Post a Comment