លោក ជួន ណា​រិ​ន្ទ បញ្ជា​ឲ្យ​មន្ត្រី​តាមដាន​បន្ត ក្រោយ​ពី​លោក ផែង វណ្ណៈ ថា​«​ឌី​អិន​ស្ប៉ា និង​ម៉ាស្សា​»​បង្កប់​ល្បែងស៊ីសង ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌ​៧​មក​រា ថា​អត់​



រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​តាមដាន​បន្ត​ហើយ ក្រោយ​ពី​លោក ផែង វណ្ណៈ ថា ទីតាំង​«​ឌី​អិន​ស្ប៉ា និង​ម៉ាស្សា​»​មាន​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ខាងក្នុង ប៉ុន្តែ​បែរជា​កងកម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា បាន​ចុះ​ដល់ទី​តាំង និង​ត្រួតពិនិត្យ​ជាក់ស្ដែង​ថា​គ្មាន​សម្ភារ​អ្វី​ពាក់ព័ន្ធ​ល្បែងស៊ីសង​នោះ​ទេ គឺ​ពុំ​ដូច​ការ​ចុះ​ផ្សាយ​នោះ​ឡើយ​។ ដែល​ការ​ចុះ​ត្រួតពិនិត្យ​របស់​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា​នេះ ត្រូវ​បាន​លោក ផែង វណ្ណៈ ហៅ​ថា ជា​ក្រុម​សម្ដែង បោកប្រាស់​ថ្នាក់លើ ។

សូម​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ លោក ផែង វណ្ណៈ បាន​បង្ហោះ​រូបភាព​ទីតាំង​ឌី​អិន​ស្ប៉ា និង​ម៉ាស្សា និង​សរសេរ​ថា ៖ «​មុន​នេះ​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា ក្លិប​ម៉ាស្សា ឌី​អិន ស្ថិត​ផ្លូវ​១៧១ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា មាន​លួច​បង្កើត​ល្បែងស៊ីសង​ខុសច្បាប់ ដែល​មាន​មេ​វង់​ឈ្មោះ សា​រ៉ាត់ ជា​អ្នក​ចាត់ចែង​។ សូម​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន មេត្តា​ពិនិត្យ​មើល​ករណី​នេះ​ផង តើ​មាន​លួចលាក់​បើក​ល្បែងស៊ីសង​ពិតប្រាកដ ឬ​យ៉ាងណា ?​» ។

ក្រោយ​ពី​មាន​បណ្ដាញ​សង្គម​បាន​បង្ហោះ​ជា​សាធារណៈ​ថា ទីតាំង​ឌី​អិន​ស្ប៉ា និង​ម៉ាស្សា មាន​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ខាងក្នុង ​រួច​មក នៅ​រសៀល​ថ្ងៃ​ទី​២១ កុម្ភៈ ដដែល​នោះ មានការ​បញ្ជា​ពី​លោក ថេ​ង សុ​ថុ​ល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា បាន​ចាត់​ឲ្យ​លោក កេ​ត ឧត្តម អភិបាលរង​ខណ្ឌ ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​ត្រួតពិនិត្យ​ផ្ទាល់​តែ​ម្ដង នៅ​ចំណុច​ទីតាំង ឌី​អិន​ស្ប៉ា និង​ម៉ាស្សា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ លេខ​១២២ កែង​ផ្លូវ​លេខ​១៧១ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ តែ​ពុំ​មាន​អ្វី​ពាក់ព័ន្ធ​បទល្មើស​ល្បែងស៊ីសង​ទេ ពោល​គឺ​ពុំ​មាន​ដូច​ការ​ចុះ​ផ្សាយ​នោះ​ឡើយ ។


នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​នេះ​ផង​ដែរ អាជ្ញាធរ​បាន​អប់រំ​ណែនាំ​ដល់​ម្ចាស់​គ្រប់គ្រង​ទីតាំង និង​បាន​ធ្វើការ​កិច្ចសន្យា​ចំពោះ​មុខ​ជាមួយ​សមត្ថកិច្ច ហាម​មិន​ឱ្យ​មាន​បង្កប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​បទល្មើស​ផ្សេង​ៗ ដែល​ខុសច្បាប់ ការ​ជួញដូរ​មនុស្ស និង​សារធាតុ​ញៀន​ជាដើម​។ ក្នុង​ករណី មិន​អនុវត្ត​តាម​កិច្ចសន្យា​អាជ្ញាធរ និង​អនុវត្ត​តា​មតិ​វិធី​ច្បាប់ ។


បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​៧​មក​រា ចុះ​ត្រួតពិនិត្យ រក​មិនឃើញ​បទល្មើស​ល្បែងស៊ីសង​នោះ នៅ​ថ្ងៃ​ទី​២២ កុម្ភៈ លោក ផែង វណ្ណៈ បាន​បញ្ជាក់​ថា «​អាជ្ញាធរ​ខណ្ឌ​៧​មក​រា លេង​ខូច​គេ​ណាស់ ពេល​ខ្ញុំ​ផ្សាយ​ថា ក្លិប ឌី​អិន ម៉ាស្សា លួចលាក់​បើក​ល្បែងស៊ីសង​ខុសច្បាប់ មន្ត្រី​ខណ្ឌ​ទូរ​សព្ទ​ប្រាប់​អោយ​រើ​ចេញ​មុន​កន្លះ​ម៉ោង​។ បន្ទាប់​ពី​រើ​អស់ហើយ ទើប​គេ​នាំ​គ្នា​ទៅ​សម្ដែង​នៅ​ក្លិប​ម៉ាស្សា​នោះ​ថា អត់​មាន​លេង​ទេ​។ បន្ទាប់​ពី​ចុះ​ថត​សម្ដែង​រួច ចេញ​មក​វិញ មេបន​ល្បែងស៊ីសង ឈ្មោះ សា​រ៉ាត់ អតីត​កងទ័ពអាកាស ចូល​មក​បើក​លេង​វិញ រហូត​ដល់​យប់​ជ្រៅ​។ ប្រយ័ត្ន​ខ្ញុំ​យក​វី​ដេ​អូ​ទៅ​គប់​កណ្ដាល​មុខ​វើ​យ​។ ខ្ញុំ​មិន​ទម្លាប់​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទេ​បាទ​។ ក្រុម​សម្ដែង បោកប្រាស់​ថ្នាក់លើ​» ។


លោក ផែង វណ្ណៈ លើក​ឡើង​ថា «​អាណត្តិ​នេះ​ហើយ មិន​គួរ​មាន​មន្ត្រី ឃុបឃិត​ជាមួយ​មេ​ល្បែងស៊ីសង​ខុសច្បាប់​ទេ​។ ខំ​សម្ដែង​បិទ​បាំង​អំពើអាក្រក់ ចង់​វាយបក​មក​ខ្ញុំ​ថា ខ្ញុំ​ផ្សាយ​ព័ត៌មាន​មិន​ពិត​។ មន្ត្រី​ធន់​នេះ ស្គាល់​ខ្ញុំ​តិច​ពេក​ហើយ បើ​មិន​ច្បាស់ មិន​ផ្សាយ​ទេ​» ។


ផែង វណ្ណៈ ឲ្យ​ដឹង​ទៀត​ថា ចង់​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ជា​បទ​ពិសោធន៍​ខ្ញុំ សូមកុំ​ប្រាប់​ដំណឹង​ទៅ​អាជ្ញាធរ​អោយ​ដឹង​មុន គឺ​ប្រើ​កម្លាំង​ផ្សេង ចុះ​ព័ទ្ធ​ជាប់​ទីតាំង ហើយ​ចាំ​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​តាម​ក្រោយ បើ​មិន​អ​ញ្ចឹ​ង​ទេ ចាប់​មិន​បាន​ទេ ព្រោះ​ដាក់​ខែ​ស្ទើរ​គ្រប់​ៗ​គ្នា ។


គួរ​បញ្ជាក់​ផង​ដែរ កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លង​មកនេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​បញ្ជា​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ នៅ​ទូ​ទាំង​ប្រទេស ត្រួតពិនិត្យ​ជា​បន្ទាន់ លើ​ទីតាំង​ល្បែង​ផ្សងសំណាង និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ត្រូវ​តែ​បង្ក្រាប ។


ជាមួយ​គ្នា​នេះ​ដែរ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ក៏​បាន​ដាក់​ដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ក៏​ដូច​ជា​ប្រធាន​ផ្សារ​ទាំង​២៥ គឺ​មិន​អនុញ្ញាត​ឱ្យ​មាន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​បន្ត​មាន នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ ៕





Powered by Blogger.