ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គខបជ)ដែលជាប់ព្រំដែនថៃ
(បន្ទាយមានជ័យ) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន(គ.ជ.ប.ជ)ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គខបជ)ដែលជាប់ព្រំដែនថៃ នៅសាលប្រជុំ «ធំ»សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនោះលោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍លើកឡើថា៖ សព្វថ្ងៃនេះប្រទេសកម្ពុជាបានពង្រឹងវិធានការទប់ស្កាត់និងការគ្រប់គ្រងការឆ្លងដែនខុសច្បាប់របស់ពលករកម្ពុជា យ៉ាងខ្លាំងនិងយកចិត្តទុកដាក់ ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីមូលដ្ឋានដើម្បីការពារខឿនសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ និងការជួញដូរគ្រឿងញៀន ជាដើម។
លោកទាវ បានមានប្រសាសន៍បន្តទៀតថា៖ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្របានចាប់ផ្តើម ការពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ដើម្បីធានាក្នុងការគ្រប់គ្រង ការចេញ-ចូល របស់ជនបរទេស និងការប្រកបរបររបស់ជនបរទេសនៅកម្ពុជា ជាពិសេស ការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ ទប់ស្កាត់មិនឲ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់ ឬជនបរទេស មករស់នៅក្នុងកម្ពុជា ត្រូវស្ថិតក្រោមដំបូលច្បាប់ ដោយត្រូវគ្រប់គ្រងឲ្យបានម៉ត់ចត់ជាទីបំផុត។ តែភ្ញៀវអន្តរជាតិស្របច្បាប់ ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានធ្វើដំណើរតាមច្រកទ្វារ ប្រកបដោយវិជ្ជាជីវៈ និងកត់ត្រាឲ្យបានច្បាស់លាស់នូវដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ដែរថា៖ គោលបំណងនៃកិច្ចប្រជុំនេះគឺចង់សិក្សាស្វែងយល់អំពីស្ថានភាពលំហូរពលករឆ្លងកាត់ព្រំដែន របៀបគ្រប់គ្រង ភាពប្រឈម ផលវិបាក និងដើម្បីស្វែងរកដំណោះស្រាយ ដោយរបៀបយុទ្ធសាស្ត្រ និងគោលនយោបាយ ដើម្បីឆ្លើយតបនឹងភាពរងគ្រោះរបស់ពលករនិងពង្រឹងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពល្អជាងមុនផងដែរ។
អភិសន្តិបណ្ឌិត ស សុខា បានបន្តឲ្យដឹងថា៖ បញ្ហាជួញដូរមនុស្សនេះជាប្រធានបទដ៏សំខាន់ក្នុងការពិភាគ្សានិងរកគនឹ្លះដោះស្រាយព្រោះវាធ្វើឲ្យមានការប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្សនិងធ្វើឲ្យមានការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយ យ៉ាងធ្ងន់ធ្ងរទៀតផង។បច្ចុប្បន្នពលករចំណាកស្រុកឆ្លងកាត់ព្រំដែនឬទេសសន្តរប្រវេសន៍ ដើម្បីស្វែងរកការងារធ្វើនៅក្រៅ ប្រទេសបានកើនឡើងគួរឲ្យកត់សំគាល់ជាពិសេសការចេញតាមច្រករបៀងមិនស្របច្បាប់និងតាមវិធីស្របច្បាប់នានាដែលមិនធានាដល់សុវត្តិភាពក្នុងការស្នាក់នៅឡើយ។ហើយក្នុងចំណោមជនជាតិខ្មែរជួយសង្គ្រោះនៅក្នុងប្រទេសផ្សេងៗបានរកឃើញថា ជនរងគ្រោះទាំងអស់នោះជួបប្រទះនៅបញ្ហាអំពើរត់ពន្ធមនុស្ស អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចពលកម្ម អំពើហឹង្សាលើផ្លូវកាយ ផ្លូវភេទជាដើម។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ទៀតថា៖ ឯកឧត្តមសុំឲ្យមន្ត្រីសមិត្ថកិច្ចទាំងអស់ត្រូវចុះឃ្លាំមើលរាល់សកម្មភាពជនខិលខូចដែលជាមេខ្យល់នៅក្នុងតំបន់ដែលមានការសង្ស័យ និងបន្តអប់រំផ្សព្វផ្សាយដល់ពលករឲ្យកាន់តែទូលំទូលាយដើម្បីឲ្យពលករទាំងអស់ងាកមករកការងារធ្វើនៅក្នុងស្រុកខ្មែរវិញវាល្អប្រសើរជាង៕
Post a Comment