តើអ្នកបើករថយន្ត Ford បុកមនុស្សស្លាប់ ចំនួន៤នាក់ នៅចំណុចស្ពានឫស្សីកែវ ត្រូវជាប់ចោទពីបទអ្វី? សូមក្រសួងយុត្តិធម៌ មេត្តាជួយពន្យល់បន្តិចផងទាន វគ្គ១

 


បន្ទាប់ពីអង្គភាពសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយព្រោងព្រាតទាក់ទិនទៅនិងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចេញសេចក្តីប្រកាសដែលមានខ្លឹមសារដូចតទៅ

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ អំពីករណីគ្រោះថ្នាក់ចរាចរណ៍ កើតហេតុកាលពីថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង៤០នាទី ត្រង់ចំណុច ស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5854 បើកបរដោយជនសង្ស័យ ឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ បានធ្វើដំណើរតាមបណ្ដោយផ្លូវស្ពានថ្មីឫស្សីកែវ ទិសដៅពីកើតទៅលិច (ចុះពីលើស្ពាន) ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l ទៅបុកពី ក្រោយម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KK-9275 អូសរុញទៅផ្ទប់បុកនឹងរថយន្ត ម៉ាក LEXUS NX200T ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BT-3779 ដែលកំពុងឈប់រង់ចាំភ្លើងស្តុប រុញទៅ បុកនឹងរថយន្តម៉ាក TOYOTA VITZ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-4208 និងបន្តបុករះម៉ូតូម៉ាក់ HONDA BEAT ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1KG-7548 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 13-3821 និងម៉ូតូម៉ាក HONDA CLICK ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AP-7471 ។ ហេតុការណ៍ ខាងលើបណ្តាលឱ្យស្លាប់មនុស្ស ០៤នាក់ (ស្រី០៣នាក់) និងរងរបួសមនុស្ស ០៤នាក់ (ស្រី០៣នាក់)។


បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ៖ បើកបរដោយធ្វេស ប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លាប់មនុស្ស ច្រើននាក់) ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ៨៣ កថាខណ្ឌ២ ចំណុច ខ.គ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ.គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ។

ថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះឫញស័ក ព.ស. ២៥៦៧

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

មតិរបស់មហាជន មានអ្នកខ្លះ ដែលមើលបទចោទប្រកាន់មិនបានគ្រប់ជ្រុងជ្រោយ ក៏គិតថា អ្នកបើករថយន្ត Ford នេះ រងការចោទប្រកាន់ត្រឹមបទបើកបរដោយធ្វេសប្រហែស។

ក៏ប៉ុន្តែ បើមើលឲ្យល្អិតល្អន់ទៅ អ្នកបើករថយន្តរងបទចោទប្រកាន់ធ្ងន់ធ្ងរជាងនេះ គឺ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០,៥៤mg/l” (លើស ០,៤០mg/l) និង “បណ្តាលឲ្យស្លាប់មនុស្សច្រើននាក់” ដែលជាប្រភេទបទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ១០លាន ទៅ ២៥លានរៀល ពោលគឺ ធ្ងន់ធ្ងរជាងបទល្មើសបើកបរដោយធ្វេសប្រហែស។ 

យើងអាចនិយាយដោយខ្លីថា នេះគឺជាបទល្មើសមនុស្សឃាតដោយអចេតនា ដោយមានស្ថានទម្ងន់ទោស។

អង្គភាពអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលយើង មិនចេះច្បាប់ទេ អាស្រ័យហេតុនេះ សូមឯកឧត្តមប្រធាន ព្រះរាជអាជ្ញាមេត្តាជួយពន្យល់បន្ថែម រឿងនេះដោយក្តីអនុគ្រោះផង។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សូមមេត្តាជួយត្រួតពិនិត្យ ដោយក្តីអនុគ្រោះ ។

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលមានអនុសាសន៍នៅពេលថ្មីៗនេះថា អ្នកបើកបរដោយក្រេបគ្រឿងស្រវឹងគឺជា........... ដោយឡែកក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះតើជនសង្ស័យមានទោសទណ្ឌយ៉ាងណាវិញ?

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយ សែនសិលិចន្ថា




Powered by Blogger.