បែកធ្លាយមន្ត្រីនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជិត៣០នាក់ កំពុងពន្យាកំណើតមិនព្រមចូលនិវត្តន៍វគ្គ១
ផ្សាយនៅថ្ងៃទី ២៤ខែមករាឆ្នាំ២០២៤
កំពង់ស្ពឺ មន្ត្រីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជិត៣០នាក់មិនព្រមចូលនិវត្តន៍ ហើយកំពុងរត់ការសុំពន្យាកំណើត និងខ្លះបានពន្យាររួចហើយ តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញ។
បើយោងតាមប្រភពបែកធ្លាយ មន្ត្រីនគរបាលជាតិដែលបំរើការនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មិនក្រោម ៣០នាក់ នោះទេ (មិនទាន់រាប់បញ្ចូលតាមបណ្តា ក្រុង/ស្រុក) នោះទេដែលត្រូវដល់អាយុចូលនិវត្តន៍ ប៉ុន្តគេមិនដឹងថា តើបណ្ដាលមកពីកត្តាអ្វីឡើយ ធ្វើឲ្យពួកគាត់អាចបន្តនៅធ្វើការងារបានរហូត ដោយមិនខ្វល់ពីការចូលនិវត្តន៍នោះ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថាមានមន្រ្តីខ្លះលើសអាយុចូលនិវត្តន៍ ចាប់ពី៥ឆ្នាំទៅ៧ឆ្នាំក៏មាន កត្តានេះហើយដែលជាហេតុធ្វើឱ្យមន្ត្រីបន្តវេនបាត់បង់ឱកាសការងារនិងខាតបង់ថវិកាជាតិទៀតផង។
អ្វីដែលជាការកត់សម្គាល់គឺត្រង់ថា មន្ត្រីជាន់ខ្ពស់ដែលមានឆ្នាំកំណើត កើតនៅឆ្នាំ១៩៦៤ ថ្នាក់ឧត្តមសេនីយ៍ គឺលោកស្នងការនគរបាលខេត្តកំពង់ស្ពឺតែម្តង ដែលត្រូវដល់ពេលចូលនិវត្តន៍ ហើយក៏មានលិខិតជូនដំណឹងផងដែរក្នុងនោះ សូម្បីសាមីខ្លួនក៏ត្រៀមហ្នឹងធ្វើតាមអ្វីដែលជាការសម្រេចរបស់ថ្នាក់ដឹកនាំរួចហើយដែរ។
ប៉ុន្តែអ្វីដែលជារឿងចម្លែកនោះគឺត្រង់ថា មានមន្ត្រីថ្នាក់ឧត្តមសេនីយ៍ត្រី(ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ឈ្មោះអៀង អុល)កើតនៅឆ្នាំ ១៩៦៤ដែរនោះ បែរជាមិនឃើញមានឈ្មោះដែលត្រូវដាក់ឲ្យចូលនិវត្តន៍ទៅវិញ។កត្តាទាំងនេះហើយដែលមន្ត្រីមួយចំនួនបានលើក ឡើងថា អ្នកក្រាញអំណាចមិនព្រម អនុវត្តន៍តាមច្បាប់។
ប្រភពមួយទៀតបង្ហើបថា មន្ត្រីដែលមិនព្រមចូលនិវត្តន៍ សុទ្ធតែមានខ្នងបង្អែករឹងមាំ នៅផែនធនធានមនុស្សនិងនាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ។
ករណីនេះនិយាយតែចំពោះមន្ត្រីធំៗ ចំណែកឯថ្នាក់វរសេនីយ៍និងអនុសេនីយ៍ក៏មានច្រើនផងដែរ ដែលដល់ពេលចូលនិវត្តន៍ហើយ រត់ការតាមរយ:ផែនធនធានមនុស្សនិងការិយាល័យបុគ្គលិកបិទបាំងមិនធ្វើរបាយការណ៍ទៅក្រសួងឡើយ និងបានបន្តពន្យាអាយុ ដើម្បីបាននៅធ្វើការតទៅទៀត ដោយចំណាយថវិកាផ្ទាល់ខ្លួនខ្លះទៅអ្នករត់ការ បើយើងនិយាយរឿងរត់ការពន្យាកំណើត ក្នុងនាមជាមន្ត្រី គឺល្មើសនិងបទបញ្ជា០០៦របស់អគ្គស្នងការនគរបាលជាតិរួមទៅហើយ។
យោងតាមប្រភពពីមន្ត្រី មួយចំនួន បានបញ្ជាក់បន្ថែមថា លោកអនុសេនីយ៍ឯក អ៊ុក សុផាត កើតថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៦៥ គឺមានអាយុ៥៧ឆ្នាំហើយ គឺត្រូវដល់អាយុចូលនិវត្តន៍ហើយ ប៉ុន្តែទំនងជាគាត់ត្រូវរ៉ូវជាមួយខាងបុគ្គលិកនិងធនធានមនុស្ស ទើបអាចបន្តធ្វើការបានរហូតល់បច្ចុប្បន្នបែបនេះមិនតែប៉ុណ្ណោះកាលពីពេលថ្មីៗកន្លងទៅនេះ លោកអ៊ុក សុផាត ត្រូវបានថ្នាក់លើដំឡើងតួនាទីថែមមួយកំរឹតទៀតគឺនាយរងផ្នែកអន្តរាគមន៍ទៀតផង។
ច្បាប់ស្ដីពីសហលក្ខន្តិកៈចូលនិវត្តន៍ នៃមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគឺថ្នាក់វរសេនីយ៍ឯក និងឧត្តមសេនីយ៍ អាយុ៦០ឆ្នាំ ត្រូវចូលនិវត្តន៍ចំណែកថ្នាក់វរសេនីយ៍ទោ ចុះក្រោម = ៥៥ឆ្នាំ ចូលនិវត្តន៍ដោយឡែកលោក អ៊ុក សុផាត ឆ្នាំកំណើត ១៩៦៥ – ២០២៤ គឺលើសអាយុចូលនិវត្ត៤ឆ្នាំ រីឯមន្ត្រីតាមបណ្តាស្រុកអ្នកខ្លះ លើសចាប់ពី៤ទៅ៧ឆ្នាំក៏មាន អ្នកទាំងនោះត្រូវបានដឹងថា រៀបចំឯកសារតាមរយ: លោកស្នងការរងឈ្មោះ អៀង អុល តែម្តង។
ទាក់ទិនទៅនិងករណីខាងលើ តើស្ថាប័ននិងក្រសួងណាខ្លះ ដែលត្រូវប្រតិបត្តិការចុះ ស៊ើបអង្កេត សូមគោរព ដល់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរតែចាត់វិធានការ ចំពោះមន្ត្រីល្មើសនិងបញ្ជា០០៦ ហើយត្រូវមានទោសទណ្ទយ៉ាងណា គឺសម្រេចលើថ្នាក់ដឹកនាំ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕ដោយនាគរាជ
Post a Comment