ឯកឧត្តមអភិសន្តិបណ្ឌិត សសុខា និងលោកជំទាវអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ឬសីមាព្រះវិហារវត្តជម្ពូវណ្ណារាមក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក


(បន្ទាយមានជ័យ) បញ្ហាក្មេងទំនើងមានការកើនឡើងនៅតាមបណ្ដាខេត្តមួយចំនួនគួរឲ្យគាត់សម្គាល់មួយរយៈនេះដូច្នេះសូមឱ្យអាជ្ញាធរខេត្តនិងកងកម្លាំងមានសមត្ថកិច្ចបន្តការយកចិត្តទុកដាក់បង្រ្កាបសកម្មភាពក្មេងទំនើងទាំងនេះឲ្យមានប្រសិទ្ធភាពនេះគឺជាប្រសាសន៍លើកឡើងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ក្នុងពិធីកាត់ឬសីមាព្រះវិហារវត្តជម្ពូវណ្ណារាមក្បាលទន្សោង ស្ថិតនៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានធ្វើឲ្យ វិស័យព្រះពុទ្ធសាសនាត្រូវបានបង្កើតឡើងវិញនិងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសាររាជរដ្ឋាភិបាលក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បានផ្ដល់នូវសិទ្ធិសេរីភាពពេញ លេញខាងជំនឿសាសនា ធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានទឹកចិត្តសប្បាយរីករាយប្រកបដោយជំនឿមុតមាំមក លើរាជរដ្ឋាភិបាល បានរួបរួមគ្នាបង្កើតវត្តឡើងវិញនៅទូទាំងប្រទេស ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសបរិច្ចាគ ដោយសទ្ធាជ្រះថ្លារួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងស្ថាបនាទីអារាម ទីសក្ការបូជាផ្សេងៗ រីកលូតលាស់ឥត ឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងនូវអំណរព្រះគុណ និងអរគុណចំពោះព្រះតេជគុណឯកឧត្តមលោកជំទាវ ពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា រួមសាមគ្គីគ្នាជួយកសាង សមិទ្ធ​ផលនានាក្នុងវត្ត គឺជាការផ្សារភ្ជាប់មិនអាចខ្វះបានរវាងផ្នែកអាណាចក្រ និងពុទ្ធចក្រ និងក៏សូមធ្វើការកោត​សរសើរដោយស្មោះចំពោះស្មារតីយកចិត្តទុកដាក់ គាំទ្រថវិកា កសាងព្រះវិហារ ក៏ដូចជាសមិទ្ធផលក្នុងវត្ត ដែលបានលះបង់ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទុកជាសម្បត្តិ​មនុស្សជាតិ ក្នុងការរក្សាបាននូវ ប្រពៃណីទំនៀមទម្លាប់ ដែលដូនតាបានរក្សាទុក ដើម្បីជាគំរូដ៏ប្រពៃថ្លៃថ្លា សម្រាប់កូនចៅជំនាន់ក្រោយ គោរពប្រតិបត្តិ ព្រោះថា ព្រះពុទ្ធសាសនា គឺជាសាសនានៃសុខសន្តិភាព។ 

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងការកោតសរសើរ នឹងវាយតម្លៃខ្ពស់ចំពោះការសាមគ្គីគ្នា សប្បុរសជននិងពុទ្ធបរិស័ទទាំងជិតទាំងឆ្ងាយដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីកសាងអភិវឌ្ឍន៍និងសាងសង់នៅព្រះវិហារដ៏ថ្មីស្រឡាងនេះសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមនៅថ្ងៃនេះ៕



















Powered by Blogger.