ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបាណន់

 


នាព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤  បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងផ្តល់អាហារូបករណ៍សម្តេចក្រឡាហោម ស ខេង នៅទីស្នាក់ការស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារចុះជួយស្រុកបាណន់ ដោយមានការចូលរួមពីឯកឧត្តម អនុប្រធានក្រុមការងារ អនុប្រធានមន្ទីរអប់រំខេត្ត នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគហ៊ុន សែន បាត់ដំបង មន្ត្រីរាជការស្រុក ក្រុមប្រឹក្សាឃុំ និងសិស្សានុសិស្សចំនួនជាង ២០០នាក់។ 


នាឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានចូលរួមមានមតិ សំណេះសំណាលអបអរសាទរចំពោះ សិស្សដែលបានប្រលងជាប់ និងស្នើអោយបន្តខិតខំរៀនសូត្រទៅមុខទៀត អោយបានជ្រៅជ្រះដើម្បីរួមចំណែកកសាងធនធានមនុស្សតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។ 


ជាមួយនោះឯកឧត្តម ក៏បានលើកទឹកចិត្តអោយសិស្សដែលប្រលងមិនទាន់ជាប់ កុំបាក់ទឹកចិត្តហើយត្រូវខិតខំបន្តទៀត ឬមួយចាប់យកការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលមានកម្មវិធីជួយចំនួន ១លាន ៥សែននាក់។ ឯកឧត្តមបានផ្តាំផ្ញើអោយសិស្សានុសិស្សទាំងអស់ត្រូវចងចាំពាក្យថា (ព្យាយាម) ព្រោះបើគ្មានការព្យាយាមទេ អ្វីៗក៏មិនអាចសម្រេចបានដែរ។

ចុងក្រោយ ឯកឧត្តម សន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ក្នុងស្រុកបាណន់ដែលបានខិតខំប្រឹងប្រែងបង្រៀនសិស្សានុសិស្សរៀនសូត្រទទួលបានលទ្ធផលល្អ។







Powered by Blogger.