ក្រសួងបរិស្ថានចេញប្រកាសអំពីការស្លាប់របស់កូនដំរីព្រៃ១ក្បាលនៅខេត្តមណ្ឌលគីរី
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ជា តារា អនុប្រធានមន្ទីរ បានប្រទះឃើញមានកូនដំរីស្លាប់មួយក្បាល ដែលមានអាយុ ៧ខែ ទម្ងន់ ២០០គីឡូ ក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្រុមការងារបានសហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកកោះញែក ដើម្បីធ្វើកោសល្យវិច័យលើសាកសពសត្វដំរីដែលបានស្លាប់។ ក្រុមការងារបានពិនិត្យតាមដានរបួសមុតធ្លាយ នៅផ្នែកខាងក្រោមដើមទ្រូង តែសមត្ថកិច្ចរកពុំឃើញ ក្បាលគ្រាប់អាវុធបៀមជាប់ នៅក្នុងខ្លួនសត្វនោះឡើយ។ ក្រុមការងារបាននិងកំពុងបន្តចុះត្រួតពិនិត្យនៅកន្លែង កើតហេតុបន្ថែមទៀត ដើម្បីស្វែងរកវត្ថុតាងជាបន្តបន្ទាប់។
ក្រសួងបរិស្ថាន បានសំដែងការសោកស្តាយជាខ្លាំងក្នុងការបាត់បង់សត្វព្រៃដ៏កម្រមួយប្រភេទ នេះក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងសូមថ្កោលទោសចំពោះជនប្រព្រឹត្តល្មើសច្បាប់ស្តីពីតំបន់ការពារ ធម្មជាតិ។ ក្រសួងបរិស្ថានសូមអំពាវនាវដល់សមត្ថកិច្ច ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋមេត្តាចូលរួមស្វែងរក វត្ថុតាង និងចាប់ជនល្មើសមកកាត់ទោសតាមនីតិវិធីនៃច្បាប់។
Post a Comment