នាយករដ្ឋមន្រ្តីជំរុញឱ្យយោធាបង្កើនការប្រុងប្រយ័ត្នខណៈកម្ពុជាទទួលរងឥទ្ធិពលអសន្តិសុខពិភពលោក
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញឱ្យបង្កើនការប្រុងប្រយត្ន័បន្ថែមទៀត ហើយត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ បើទោះបីជាក្នុងឆ្នាំ២០២៤នេះ កម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬដោយប្រយោលពីស្ថានការណ៍អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទនៅតែជាកម្មវត្ថុដ៏សំខាន់និងប្រកបដោយគ្រោះថ្នាក់ គួបផ្សំនឹងភាពផុយស្រួយដែលបង្កឡើងដដោយការវិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិបតេយ្យនិងបូរណភាពទឹកដី ព្រមទាំងមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច។
ថ្លែងក្នុងសារលិខិតជូនពរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ នៃការបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) សម្តេចធិបតីបានកោតសរសើរនិងលើកទឹកចិត្តចំពោះយោធិនគ្រប់រូបដែលបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អជាមួយបណ្ដាគ្រប់កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាពអធិបតេយ្យភាព បូរណភាពទឹកដី និងរួមចំណែកដល់ដំណើរការអភិវឌ្ឍជាតិដែលជាពលិកម្មដ៏ធំធេង ដើម្បីជាតិមាតុភូមិ និងប្រជាជន ក្នុងខណៈពេលដែលប្រទេសមួយចំនួនក្នុងពិភពលោកប្រឈម និងរងគ្រោះដោយសារសង្គ្រាម អំពើរភេរវកម្ម នឹងព្រឹត្តិការណ៍អសន្តិសុខផ្សេងៗទៀត។
ជាមួយគ្នាសម្តេចធិបតី ហ៊ុន ម៉ាណែត បានក៏មិនភ្លេចបញ្ជាក់ដែរថាស្នាដៃ និងសមិទ្ធផលជាច្រើនដែលកងទ័ពជើងគោកសម្រេចបាននាពេលកន្លងមកនេះ គឺច្បាស់ណាស់ថាដោយសារមានការចូលរួមចំណែកពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់យោធិនគ្រប់រូប ក្នុងការបំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន មោះមុត វិន័យម៉ឺងម៉ាត់ និងការប្តេជ្ញាទទួលខុសត្រូវនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព។
គួរបញ្ជាក់ថាគោលដៅដ៏សំខាន់ពីរនៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការ អភិវឌ្ឍជាតិ ប្រកបដោយចេរភាព ពិសេស គឺគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ដែលរាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញក៏ជាឱកាសមួយសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ៕
Post a Comment