ប៉្រែងសមត្ថកិច្ច! ប្រហែលមិនរួចខ្លួនដែរទោះសារភាពក៏ដោយ សមត្ថកិច្ចសម្រេចបញ្ជូនបុរសប្រឌិតរឿងចោរប្លន់ ម៉ូតូខ្លួនក្នុងតំបន់បឹងកក់កាលពីយប់មិញ ទៅតុលាការ
រាជធានីភ្នំពេញ ៖ ករណីបុរសម្នាក់ដែលប្រឌិតរឿងថា មានចោរប្លន់ម៉ូតូខ្លួនក្នុងតំបន់បឹងកក់កាលពីយប់មិញនោះ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ ក្រោយពីសមត្ថកិច្ចជំនាញបានសួរនាំរួចហើយ ក៏សម្រេចកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពីបទបង្កឲ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម នេះបើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសលើបណ្ដាញសង្គម មានករណីប្លន់យកម៉ូតូ និងទូរសព្ទ នៅចំណុចក្នុងបឹងកក់ ក្បែររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង២០និង៤០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ រួចមក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយជំនាញនគរបាលខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការស្រាវ ដោយអង្កេតរកឃើញថា ករណីនេះ មិនមែនជាករណីប្ល.ន់យកម៉ូតូ និងទូរសព្ទនោះទេ គឺជាករណីប្រឌិតព័ត៌មាន (បំប៉ោងព័ត៌មាន) ដើម្បីទាមទារការចាប់ចាប់អារម្មណ៍ និងមានភាពស្និទ្ធស្នាលឡើងវិញជាមួយប្រពន្ធ ដោយសារមួយរយៈ មានភាពមិនចុះសម្រុងនឹងគ្នា ទើបប្រឌិតរឿងយកក្រវិលកំប៉ុងឆូតក្បាលខ្លួនឯងពីក្រោយ របួសហូរឈាម ដើម្បីបំភ្លៃសភាពការណ៍ជាករណីប្ល.ន់យកម៉ូតូ និងទូរសព្ទ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបន្តថា បុគ្គលឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ បានប្រឌិតរឿងថា មានគេប្ល.ន់ម៉ូតូរបស់គាត់ នៅចំណុចខាងលិចរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងបឹងកក់ ។ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានបើកការស្រាវជ្រាវរហូតដល់ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក៏បានរកឃើញម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JM-4567 ក្នុងចំណត ផ្ញើរម៉ូតូនៅសណ្ឋាគារភ្នំពេញ ក្នុងសង្កាត់ស្រះចក ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានអោយដឹងទៀតថា បន្ទាប់ពីពិនិត្យតាមកាមេរ៉ាសុវត្ថិភាព ទើបដឹងថា តាមពិត បុគ្គលឈ្មោះ លី រ៉ូហ្សា បានជិះម៉ូតូឌុបកូនស្រី យកមកផ្ញើរដោយខ្លួនឯងទេ នៅចំណត នៅសណ្ឋាគារភ្នំពេញ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ក៏បានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចហៅបុគ្គលឈ្មោះ លី រ៉ូហ្សា ដែលប្រឌិតរឿងចូលខ្លួន មកសួរនាំរួចហើយ ក៏សម្រេចកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ដែលបង្កឲ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ។
សូមរម្លឹកថា «ទីបំផុត! បុរសម្នាក់ប្រឌិ.តរឿងចោរប្ល.ន់ម៉ូតូ ជិតរដ្ឋាករទឹក សារភាពប្រាប់មូលហេតុហើយ» តាមប្រភពព័ត៌មានបានឱ្យដឹងបន្តនារសៀលថ្ងៃទី១១ មករា ឆ្នាំ២០២៤ នេះថា ទីបំផុត! បុរសឈ្មោះលី រ៉ូហ្សា អាយុ៣២ឆ្នាំ ដែលប្រឌិតរឿងចោរប្ល.ន់ម៉ូតូ នៅចំណុចជិតរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១០ មករា ឆ្នាំ២០២៤ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញរវល់មួយយប់ទល់ភ្លឺក្នុងការតាមស្វែងរកមុខសញ្ញាជនសង្ស័យនោះ បានសារភាពប្រាប់មូលហេតុថា រូបគាត់មានវិបត្តិគ្រួសារ ដោយសារតែគ្មានអ្នកយកចិត្តទុកដាក់លើគាត់ ទើបប្រឌិតរឿងនេះឡើង ដើម្បីអោយគ្រួសារមានការបារម្ភមកលើគាត់ នឹងយកចិត្តទុកដាក់លើគាត់វិញ ។
តាមចម្លើយសារភាពរបស់បុរស១រូបខាងលើបានឱ្យដឹងថា គាត់មានវិបត្តិគ្រួសារដោយសារតែគ្មានអ្នកយកចិត្តទុកដាក់លើគាត់ ទើបប្រឌិតរឿងនេះឡើងដើម្បីអោយគ្រួសារមានការបារម្ភមកលើគាត់ និងយកចិត្តទុកដាក់មកលើគាត់វិញ ។
ដោយឡែករបួសបែកក្បា.លនោះ បុរសរូបនោះ បានយកក្រវិលកំប៉ុងភេសជ្ជៈ មកឆូតក្បាលខ្លួន រួចក៏បានខ្ចីទូរសព្ទសន្តិសុខតេប្រាប់បងថ្លៃ ប្រាប់ថា មានជនសង្ស័យប្ល.ន់យកម៉ូតូរបស់ខ្លួន និងបង្កមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ នៅទីតាំងកើតហេតុភ្លាមៗ តែម្តង ។
តាមការបញ្ជាក់ពីលោក ម៉ៅ ចាន់ថុល អធិការរងខណ្ឌដូនពេញ ទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា ទោះបីជាបុរសរូបនេះខាងលើសារភាពទទួលកំហុសក៏ពិតមែន ប៉ុន្តែដោយសារតែបុរសរូបនោះ បានប្រឌិត និងបំប៉ោងសភាពការណ៏ គឺត្រូវតែអនុវត្តន៍តាមច្បាប់ មិនលើកលែងឡើយ ៕
Post a Comment