កិច្ចប្រជុំក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិសមាគម លើកទី៥ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តបន្ទាយមានជ័យ

  


(បន្ទាយមានជ័យ) សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិសមាគម លើកទី៥ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តបន្ទាយមានជ័យ រៀបចំដោយលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តបន្ទាយមានជ័យកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ពិន ប៉ូឡូ សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្ដីទី និងលោក គៀង សេងគី អនុប្រធានអចិន្រ្តៃយ៍សម្ព័ន្ធភាពជាតិ តំណាង ឯកឧត្ដម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងដោយមានការចូលរួមពីលោក លោកស្រីប្រធាន.អនុប្រធានក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងសហការី ក្នុងខេត្តបន្ទាយមានជ័យ សរុបប្រមាណជាង ១០៦នាក់ស្រី២៦នាក់ ធ្វើនៅសាលប្រជុំនៅក្រុមប្រឹក្សាខេត្ត

ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។


លោក ជាម សុខ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យបានឡើងមានមតិស្វាគមន៍រាយការណ៍ដឹងថា៖សមាគមន៍ក្រុមប្រឹក្សាឃុំសង្កាត់បង្កើតឡើងដោយមហាសន្និបាតកាលពីឆ្នាំ២០០៨ ដែលមានក្រុមប្រឹក្សាសង្កាត់ជាសមាជិកសមាគម ដោយមានគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍន៍សមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានពង្រឹងនីតិរដ្ឋ និងជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។


លោក បានបញ្ជាក់ថា៖សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ តំណាងឲ្យក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត ដែលមានក្រុមប្រឹក្សាក្រុង ស្រុក ទាំង៩ ចំនួន១៦៩នាក់ ស្រីចំនួន៣៦នាក់ ឃុំ សង្កាត់ ទាំង៦៧ ចំនួន៥៣៧នាក់ ស្រីចំនួន៩២នាក់ជាសមាជិក។


ថ្លែងនៅក្នុងឱកាសនោះឯកឧត្ដម ពិន ប៉ូឡូ និងលោក លី សុវណ្ណារិទ្ធ បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំនាឱកាសនេះ បានឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងត្រឹមត្រូវតាមលក្ខន្តិកៈរបស់សមាគមដែលជានីតិបុគ្គលដំណាងឲ្យសំឡេងក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់សំដៅការពារកិត្តិយសសេចក្តីថ្លៃថ្នូរ លើកកម្ពស់កម្រិតជីវភាពព្រមទាំងអភិវឌ្ឍន៍សមត្ថភាពជូនសមាជិករបស់ខ្លួនក្នុងគោលបំណង ធ្វើឲ្យប្រសើរឡើងការផ្ដល់សេវារដ្ឋបាល សាធារណៈដើម្បីរួមចំណែកលើកកម្ពស់គុណភាពជីវភាព និងសុខុមារភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។


ជាមួយគ្នានោះលោក លី សុវណ្ណារិទ្ធ បានធ្វើការលើកទឹកចិត្តដល់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាសហគមន៍ និងអ្នកពាក់ព័ន្ធ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះត្រូវយកចិត្តទុកដាក់ប្រមូលយកធាតុចូលដែរទទួលបានយកទៅបំពេញតួនាទីរបស់ខ្លួនឲ្យកាន់តែសកម្មប្រកបដោយឯករាជ្យភាពស័ក្តិសមជាអង្គការដៃគូរក្នុងការតស៊ូមតិពិភាក្សា និងផ្ដល់យោបល់ដល់ស្ថាប័នពាក់ព័ន្ធ ក្នុងការការពារផលប្រយោជន៍ច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៕



















Powered by Blogger.