ស.ស.យ.ក. ប្តេជ្ញាចិត្តតបស្នងជូនជាតិ និងប្រជាជនដោយបេះដូង

 



ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបញ្ជាក់ថា ស.ស.យ.ក. នឹងរក្សាការប្តេជ្ញាចិត្ត ការដាក់ក្នុងបេះដូង និងការរក្សាឆន្ទៈដោយមោះមុត ក្នុងការតបស្នងជូនជាតិ និងប្រជាជន ព្រោះថា៖ “កម្ពុជាក្នុងបេះដូងខ្ញុំ កម្ពុជាតែងតែនៅក្នុងបេះដូងខ្ញុំ ហើយកម្ពុជាតែងនៅក្នុងបេះដូងរបស់យើងជានិច្ច!”។

នៅក្នុងកម្មវិធីប្រគំតន្រ្តី «កម្ពុជាបេះដូងខ្ញុំ» កាលពីរាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងនូវជីវប្រវត្តិនៃការកកើតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដោយចាប់តាំងពីឆ្នាំ១៩៧៨ រហូតមកដល់សព្វថ្ងៃនេះ ដោយ បានសម្តែងការដឹងគុណ និងអរគុណជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូបនៅទូទាំងប្រទេស។

ឯកឧត្តម បានលើកឡើងបន្តថា លោកសូមអរគុណចំពោះការតាំងចិត្ត និងបេះដូង, ចំពោះកិច្ចខិតខំប្រឹងប្រែង ការលះបង់ ទាំងពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការតបស្នងទៅជាតិ និងប្រជាជនកម្ពុជា។ អ្នកទាំងអស់គ្នា ជាភាពអស្ចារ្យរបស់ ស.ស.យ.ក. ហើយអ្នកទាំងអស់គ្នា ត្រូវដឹងថា មិនថានៅទីណា ពេលណា សមិទ្ធផល និងភាពជោគជ័យរបស់ ស.ស.យ.ក. គឺជាកម្មសិទ្ធិរបស់អ្នកទាំងអស់គ្នា ស្មើៗគ្នា។ ឯកឧត្តម បានគូសបញ្ជាក់ថា ការលះបង់ និងសកម្មភាពរបស់សមាជិក សមាជិកានីមួយៗ គឺជាគំរូ និងកម្លាំងចិត្តសម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ។ ដូច្នេះ ចូរបន្តរួមដំណើរទាំងអស់គ្នា ក្នុងនាមជាគ្រួសារ ស.ស.យ.ក. ឆ្ពោះទៅកាន់ព្រះរាជាណាចក្រកម្ពុជា ដែលកាន់តែត្រចះត្រចង់សម្រាប់ប្រជាជនជំនាន់ក្រោយ។

ក្នុងពិធីនេះដែរ ក្រុមយុវជន ស.ស.យ.ក. បានសម្តែងក្តីសប្បាយរីករាយ ដែលបានចូលរួមបំពេញការងារជាមួយយុវជន ស.ស.យ.ក. ដទៃផ្សេងទៀត និងប្ដេជ្ញាថា នឹងចូលរួមថែរក្សា និងកសាងសង្គមកម្ពុជាមួយប្រកបដោយភាពកក់ក្តៅ សង្គមមួយដែលប្រកបដោយភាពសុខដុម សង្គមមួយដែលចេះជួយយកអាសារគ្នា ចេះយោគយល់ អធ្យាស្រ័យ និងស្រឡាញ់រាប់អានគ្នា។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្ធខួប ៤៥ឆ្នាំរបស់ខ្លួន តាមរយៈការប្រគំតន្រ្តី «កម្ពុជាក្នុងបេះដូងខ្ញុំ»។ កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមប្រធានបទសំខាន់ៗចំនួន៣ មានដូចជា៖ “១)ភាសាបេះដូងជូនដូនតា ២)គំរូវីរភាពរបស់ថ្នាក់ដឹកនាំ និង៣)ក្តីស្រឡាញ់សម្រាប់កម្ពុជា"៕ ដោយ ម៉េងស្រៀង











Powered by Blogger.