ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារធនាគារវីងថៅវើ
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារធនាគារវីងថៅវើអគារធនាគារវីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូបនៃភាពប៉ិនប្រសព្វក្នុងការច្នៃប្រឌិត បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅចំកណ្តាលនៃរាជធានីភ្នំពេញ។ ជាមួយកម្ពស់រហូតដល់ ១២០ម៉ែត្រ ស្ថិតនៅតាមមហាវិថីមមាញឹកមួយ អគារធនាគារវីងថៅវើ គឺជាសក្ខីភាព ដែលបានបង្ហាញពីភាពរីកចម្រើននៃវិស័យធនាគារឌីជីថល នៅក្នុងប្រទេសកម្ពុជា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនាគារប្រៀបដូចជាបេះ ពោលមានសារៈសំខាន់ណាស់ សម្រាប់គាំទ្រដល់ដំណើរការសេដ្ឋកិច្ចជាតិ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរចំពោះការរីកចម្រើនរបស់ធនាគារវីង ហើយការរីកចម្រើននេះ បានចូលរួមសម្រួលប្រតិបត្តិការជាច្រើនផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានធនាគារវីង បានជួយគាំទ្រដល់ដំណើរការរាជរដ្ឋាភិបាលអេឡិចត្រូវនិករបស់កម្ពុជា លើការផ្តល់សេវានានារបស់រាជរដ្ឋាភិបាល។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ធនាគារទាំងអស់ពិនិត្យលទ្ធភាពផ្តល់សេវាកម្មឱ្យកាន់តែទូលំទូលាយ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តធនាគារវីង និងធនាគារ ផ្តល់ឥណទានឱ្យបានកាន់តែច្រើន ដល់សហគ្រាសធុនតូច និងមធ្យម។
*សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ផ្តល់ឥណទានគាំទ្រវិស័យកសិកម្ម។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និន្នាការរបស់ពិភពលោកនាពេលបច្ចុប្បន្នមិនមានកាន់លុយតាមខ្លួនទៀតនោះទេ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនាគារជាតិកម្ពុជា បានធ្វើទំនើបកម្មប្រព័ន្ធធនាគារច្រើនណាស់ ក្នុងនោះមានទូទាត់ផ្សេងៗដោយប្រើ QR Code ដែលធ្វើឱ្យការទូទាត់សេវាផ្សេងៗកាន់តែងាយស្រួល។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រព័ន្ធឌីជីថលងាយស្រួល តែការរក្សាប្រព័ន្ធសុវត្ថិភាព ក៏ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់ប្រព័ន្ធធនាគារយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធសុវត្ថិភាព។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាមិនអាចដើរបានឡើយ បើគ្មានលុយ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញអារម្មណ៍រីករាយ ចំពោះការរីកចម្រើនរបស់ធនាគារវីង និងធនាគារដទៃទៀតនៅកម្ពុជា។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរំពឹងថា នៅពេលកម្ពុជាទទួលបានអ្នកវិនិយោគ និងមានកំណើនពាណិជ្ជកម្ម ធនាគារនៅក្នុងស្រុកទាំងអស់នឹងពង្រឹងសមត្ថភាពចាប់យកឱកាសពីការវិនិយោគនានា។
Post a Comment