សាច់បង្កកឥតច្បាប់ជិត ៤ សែនគីឡូក្រាមត្រូវបានសមត្ថកិច្ចរកឃើញ នៅឃ្លាំងស្តុក ១កន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឆែកឆេរឃ្លាំងស្តុក ១ កន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងរកឃើញសាច់បង្កក នាំចូលពីបរទេសដោយគ្មាច្បាប់យ៉ាងច្រើនសម្បើម គឺជិត ៤ សែនគីឡូក្រាម ។
ការចុះឆែកឆេរឃ្លាំងស្តុក មានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រុមការងារបានរកឃើញ សាច់បង្កក គ្មានឯកសារច្បាប់ ក្នុងនោះមាន គ្រឿងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុបទ ២ ម៉ឺន ៤ ពាន់ ៤២៤ កេះ ស្មើ ៣ សែន ៧ ម៉ឺន និង ៧៨៧ គីឡូក្រាម ។ នេះបើតាមការឱ្យដឹងរបស់លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុខព្យាបាល ដែលជាអ្នកដឹកនាំដោយផ្ទាល់នូវប្រតិបត្តិការឆែកឆេរខាងលើ ។
លោក ហ៊ុន សារ៉ាត់ បន្តថា សាច់សត្វបង្កកខាងលើទាំងអស់នេះត្រូវបាននាំចូលពីបរទេស មកស្តុកទុកនៅក្នុងឃ្លាំង ដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ ហើយក្រុមការងារ បានស្នើសុំព្រះរាជអាជ្ញា បិទឃ្លាំងបង្កកសាច់សត្វខាងលនេះ ជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។ គ្រាន់តែទទួលបានដំនឹងនេះភ្លាម លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តាមរយៈតេឡេហ្ក្រាមក៏បានសាទរយ៉ាងក្លៀវក្លាចំពោះលទ្ធផលដ៏ច្រើនសម្បើមនេះដែរ ។
ក្នុងនោះ លោកស្រ៊ុន ពៅ តំណាងអ្នកចិញ្ចឹមសត្វកម្ពុជា គឺដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនទាំងអស់គ្នា សូមថ្លែងអំណរគុណ អគ្គនាយកដ្ឋានសុខភាពសត្វ និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់សុខាភាពរបស់ប្រជាពលរដ្ឋ, កសិករ គឺសម្តេចអនុញ្ញាតឱ្យរកវត្ថុអ្វីដែលជាវត្ថុយកបាន និងវត្តុអ្វីដែលត្រូវចោលមិនឱ្យខូចសុខភាព ។
គួរជម្រាបជូនថា សាច់បង្កកខុសច្បាប់ បាន និងកំពុងក្លាយជាភាពស្មុគស្មាញយ៉ាងខ្លាំងចំពោះអ្នកពាក់ព័ន្ធ ព្រោះវាត្រូវបានជនមិនសុច្ចរិតប៉ុន្មាននាក់លួចលាក់នាំចូលដោយគ្មានការត្រួតពិនិត្យ និងបានធ្វើឱ្យវិស័យចិញ្ចឹមសត្វក្នុងស្រុកដួលរលំជាបន្តបន្ទាប់ ហើយក៏ត្រូវបានគេគិត និងបារម្ភដែរថា វាកំពុងគំរាមកំហែងយ៉ាងខ្លាំងចំពោះសុខភាពសាធារណៈ ពីព្រោះត្រូវបានគេជឿជាក់ថា សាច់បង្កកខុសច្បាប់ទាំងនោះគឺជាសាច់ខូចគុណភាព ហួសកាលរបរិច្ឆេទបរិភោគ ឬជាសាច់សត្វមានជំងឺដែលត្រូវគេកម្ទេចចោល ហេតុនេះពួកគេនាំយកមកលក់ថោកៗជាងថ្លៃដើមផលិតយ៉ាងឆ្ងាយ ។
តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វថា យើមិនគួរមើលរំលងទេ ការចាប់សត្វរស់ សាច់សត្វ ស៊ុតសត្វ និងផលិតផលធ្វើពីសាច់សត្វ ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយស្ថាប័នពាក់ព័ន្ធ បង្ក្រាបបានជាបន្តបន្ទាប់ ៕
Post a Comment