ឯកឧត្តម វី សូវីល និងលោក លី សុវណ្ណរិទ្ធ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ថ្នាក់ខេត្ត

 



(បន្ទាយមានជ័យ) មន្ទីរផែនការខេត្តបន្ទាយមានជ័យបានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ថ្នាក់ខេត្ត ក្រោមអធិបតីភាពឯកឧត្តម វី សូវីល អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ និងលោក លោកស្រី តាមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធនៅក្នុងខេត្ត នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ធ្វើនៅសាលប្រជុំមន្ទីរផែនការខេត្ត។


ក្នុងឱកាសនោះលោក លី សុវណ្ណរិទ្ធ បានធ្វើការកោតសរសើរចំពោះក្រសួងផែនការ និងមន្ទីរផែនការខេត្ត ដែលបានសហការគ្នាជាទីពេញចិត្តរៀបចំប្រជុំនាពេលនេះ ក្នុងសភាពការណ៍ដែលរដ្ឋបាលខេត្ត កំពុងតែមានការមមាញឹកក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក និងស្ថាប័នដែលមានគម្រោងជាច្រើនវគ្គបន្តបន្ទាប់ ។


លោក អភិបាលរងខេត្តបន្ទាយមានជ័យ បានសង្ឃឹម នឹងជឿជាក់ថា៖ បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះចប់យើងនឹងទទួលបាននូវ ចំណេះដឹងថ្មីៗបន្ថែមទៀតពី ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ជូនមន្រ្តីមន្ទីរផែនការ និងមន្រ្តីមន្ទីរជំនាញជុំវិញខេត្ត សម្រាប់ការរៀបចំផែនការ គោលនយោបាយថ្នាក់ខេត្ត និងអ្នកប្រើប្រាស់ទូទៅ។ ពិសេសនិតិវិធី និងវិធីសាស្រ្តប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃផលិតផល និងទិន្នន័យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងការប្រើប្រាស់ទិន្នន័យរដ្ឋបាល អង្កេត ជំរឿន និងថ្លៃទំនិញទីផ្សារថ្នាក់ខេត្ត ដើម្បីចងក្រង និងគណនាផលិតផលក្នុងស្រុក(GDP) នៅក្នុងខេត្តរបស់យើង។


ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម វី សូវីល បានមានប្រសាសន៍លើកឡើងថា៖ អស់លោក លោកស្រីតាមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធនៅក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញ ដើម្បីស្រូបយកចំណេះដឹង ដើម្បីចូលរួមសហការផ្តល់ទិន្នន័យរដ្ឋបាលរបស់អង្គភាពខ្លួន មកដល់ក្រុមលេខាធិការដ្ឋានគណៈកម្មការគណនេយ្យជាតិថ្នាក់ខេត្ត(មន្ទីរផែនការខេត្ត) ឲ្យបានទាន់ពេលវេលា ដើម្បីអនុវត្តការងារនេះ អោយទទួលបានជោគជ័យ។


ឯកឧត្តម បានបន្តទៀតថា៖ គណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់មានសារសំខាន់ខ្លាំងណាស់ក្នុងការគណនាអតិផរណាសម្រាប់ខេត្ត។ ការគ្រប់គ្រងអតិផរណាបានក្នុងកម្រិតទាប អាចរក្សាបានស្ថេរភាពជីវភាព ប្រជាជនអោយកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា៖ ការបើកវគ្គបណ្តុះបណ្តាលស្តីពីស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ថ្នាក់ខេត្តនេះមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣៕

















Powered by Blogger.