បង្ហាញមុខក្រុមចោរប្លន់ ៦នាក់ ដែលធ្វើសកម្មភាពយ៉ាងសកម្ម ២៦ករណី នៅភ្នំពេញ



ក្រុមជនសង្ស័យ ដៃឆៅ កាប់ប្លន់យ៉ាងសាហាវ ចំនួន ៦នាក់ ដែល បានធ្វើសកម្មភាពយ៉ាងសកម្ម ចំនួន ២៦ករណី ត្រូវបានប៉ូលិសនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បង្ហាញមុខឲ្យអ្នកកាសែតថតផ្សព្វផ្សាយ កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងសន្តិសិត កាសែតនេះ ចូលរួមពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងនាយការិល័យ ព្រហ្មទណ្ឌកំរិតស្រាល ព្រមទាំងអធិការ អធិការរង នាយកផ្នែក នៅតាមបណ្តាលខណ្ឌពាក់ព័ន្ធទាំង៦ផងដែរ។ ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ សុខ តុលា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ២-ឈ្មោះ ពៅ ឌូ ហៅ ហ្វុង ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ, ៣-ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅមិនច្បាស់លាស់ ដោយស្នាក់នៅតាមផ្ទះសំណាក់ចល័ត ក្នុងរាជធានីភ្នំពេញ, ៤-ឈ្មោះ អេង សំណាង ហៅ ចយ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅមិនច្បាស់លាស់ ស្នាក់នៅតាមផ្ទះសំណាក់ចល័ត ក្នុងរាជធានីភ្នំពេញ, ៥-ឈ្មោះ ឈន ម៉េងឡុង ហៅ ឡុង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ និង៦-ឈ្មោះ លី ហៃ ហៅ ហ៊ួ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មានទីលំផ្ទះជួល តាមផ្លូវលំ ភូមិច្រាំងចាក់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ទិញលក់ម៉ូតូ ។


លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ អោយកម្លាំងគរបាលជំនាញព្រហ្មទណ្ឌ បានធ្វើការស្រាវរយៈពេលប្រមាណ ៣ខែ ហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យ កា.ប់ប្ល.ន់ ជាបន្តបន្ទាប់ចំនួន ៦នាក់ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងនោះ មានជនដៃដល់ចំនួន ៥នាក់ និងម្នាក់ ជាអ្នកទទួលផលចោរកម្ម ហើយដកហូតបានម៉ូតូចំនួន ១០គ្រឿង។ នៅប្រតិបត្តិការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ ក៏មានការចូលរួមសហកកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល, កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ,សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ,សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបារាយខេត្តកំពង់ធំផងដែរ ។ 


លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ និងយកកាំបិតប៉័ងតោ កា.ប់ជនរងគ្រោះប្លន់យកម៉ូតូ) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ២៦ ករណី ក្នុងខណ្ឌ ចំនួន ៦ ដែលក្នុងនោះ រួមមាន៖ ១.មូលដ្ឋានខណ្ឌសែនសុខ ចំនួន ០៥ ករណី បណ្តាលឲ្យជនរងគ្រោះម្នាក់ឈ្មោះ ឆាយ សំណាប់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុងសង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្លាប់បាត់បង់ជីវិត, ២.នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ចំនួន ១១ ករណី បណ្តាលឲ្យជនរងគ្រោះមានរបួសទាំងអស់ ៣-មូលដ្ឋានខណ្ឌកំបូលចំនួន ០៣ ករណី, ៤.ខណ្ឌព្រែកព្នៅ ចំនួន ០៣ ករណី, ៥.ខណ្ឌមានជ័យ ចំនួន ០១ ករណី និង៦-ខណ្ឌពោធិសែនជ័យ ចំនួន ០៣ ករណី ។ 


លោកស្នងការរង បានឲ្យដឹងទៀតថា នៅក្នុងនោះ សមត្ថកិច្ច ដកហូតវត្ថុតាងចាប់យកម៉ូតូចំនួន ១០ គ្រឿង ក្នុងនោះ ម៉ូតូជិះធ្វើសកម្មភាព ២គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ ចំនួន ៨ គ្រឿង ។ 


ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕






Powered by Blogger.