ចាប់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ពាក់ព័ន្ធ​ករណី​លួច​នាំ​ថ្នាំញៀន​២០​គីឡូក្រាម​ចូលមក​កម្ពុជា​

 


ភ្នំពេញ៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ដោយ​ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​លួច​នាំ​ចូល​ថ្នាំញៀន​ប្រមាណ​២០​គីឡូក្រាម​ពី​ប្រទេស​ឡាវ​ចូល​មក​កាន់​កម្ពុជា​។ ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ធ្វើឡើង​នៅ​ចំណុច​មុខ​សណ្ឋាគារ The Palm Bay Resort ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​​ ​

ការចុះ​បង្ក្រាប​នេះ​ ដោយ​កម្លាំង​ជំនាញ (​ក​៥) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដឹកនាំ​សម្របសម្រួល​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង ២០៖៣០​នាទី​។​​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ទាំង​២​នាក់​រួមមាន​៖ ទី​១.​ឈ្មោះ LO TUAN HANH ឬ TRAN TUAN THANH ភេទ​ប្រុស ជនជាតិ​វៀតណាម កើត ២៦/១០/១៩៦០ កាន់​លិខិតឆ្លងដែន​លេខ C5968845 និង​ឈ្មោះ CHUNG DUONE ភេទ​ប្រុស ជនជាតិ​វៀតណាម កើត ២៤/១២/១៩៨០ កាន់​លិខិតឆ្លងដែន​លេខ C8603967​។ ចាប់​យក​វត្ថុតាង​៖ សារធាតុ​ញៀន​ហេ​រ៉ូ​អ៊ិន (HEROIN) ៦០​ដុំ ស្មើ​ទម្ងន់ ២០​គីឡូក្រាម​។​​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់​យក​ខាងលើ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​តាម​នីតិវិធី​៕

Powered by Blogger.