ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរដ្ឋទូតតួគី មានជំនឿចិត្តដូចគ្នាចំពោះកិច្ចសហប្រតិបត្តិការក្របខណ្ឌក្រសួងមហាផ្ទៃ!

 


ទីស្ដីការក្រសួងមហាផ្ទៃ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម និងការប្ដេជ្ញាចិត្តខ្ពស់ដូចគ្នាក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការក្របខណ្ឌក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ កាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ 


ក្នុងឱកាសទទួលជួបសម្ដែងការគួរសម ជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួគី នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣

ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានបង្ហាញការកត់សម្គាល់ថា ទំនាក់ទំនងរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរកាន់តែទទួលបានសមិទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសតួកគី កាលពីឆ្នាំ២០១៩។


ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានជម្រាបលោកជំទាវ Ülkü Kocaefe នូវសេចក្ដីផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ឯកឧត្តម Ali YERLİKAYA រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី ដែលបានផ្ញើលិខិតអបអរសាទរក្នុងឱកាសចូលកាន់មុខតំណែងថ្មីរបស់ឯកឧត្ដម។ ជាមួយគ្នានេះ ឯកឧត្តម ក៏ថ្លែងអំណរគុណរដ្ឋាភិបាលតួកគី ចំពោះការប្ដេជ្ញាចិត្ត និងកិច្ចសហការយ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យជាច្រើន។


លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី បានថ្លែងអំណរគុណ ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលអនុញ្ញាតជូនលោកជំទាវចូលជួបសម្ដែងការគួរសម។ លោកជំទាវក៏បានសម្ដែងការអបអរសាទរ ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ រួមទាំងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគី។


លោកជំទាវ Ülkü Kocaefe ក៏បានជម្រាបនូវការកត់សម្គាល់ជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ដែរថា ប្រទេសកម្ពុជា និងសាធារណរដ្ឋតួកគី មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ ហើយក្នុងនោះដែរ សាធារណរដ្ឋតួកគីក៏បានបង្កើតឱ្យមានការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខផងដែរ។


ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការខិតខំជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ឯកឧត្តម ក៏បានបង្ហាញការជឿជាក់យ៉ាងមុតមាំ និងការប្ដេជ្ញាចិត្តថានឹងបន្តខិតខំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងប្រកបដោយផ្លែផ្កា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ។


សូមរម្លឹកថាក្នុងឱកាសសម្ដេចក្រឡាហោម បំពេញទស្សនកិច្ចប្រទេសតួគី កាលពីខែសីហា ឆ្នាំ២០១៩នោះ ក្រសួងមហាផ្ទៃប្រទេសទាំងពីរ បានឯកភាពគ្នាកំណត់យកកិច្ចសហប្រតិបត្តិការចំនួន៤ ដូចជា ការផ្លាស់ប្តូរបទពិសោធន៍លើការងារគ្រសុវត្ថិភាពចរាចរណ៍នៅ ការពង្រឹងនិងពង្រីកភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាល និងការចែករំលែកបទពិសោធន៍លើការងារដឹកនាំ និងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ៕

Powered by Blogger.