ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

 



(បន្ទាយមានជ័យ) រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណាបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ពិធីនេះប្រារព្ធនៅសាលប្រជុំ«ធំ» សាលាខេត្តបន្ទាយមានជ័យ។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានរំឭកអំពីបាវចនាទាំង៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព ព្រមទាំងអាទិភាពទាំង៥ នៃគោលនយោបាយមានដូចជាមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលការងារទាំងនេះ ថ្នាក់ដឹកនាំត្រូវយល់ឱ្យបានច្បាស់ ដើម្បីអនុវត្តស្របតាមទិសដៅគោលនយោបាយ និងមានប្រសិទ្ធភាព។ 


បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្មវិធីនយោបាយអាទិភាព ៦ចំណុចរបស់រាជរដ្ឋាភិបាលសម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ រួមមាន ទី១គឺការផ្តល់សេវាសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសាកល ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ទី៣ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រកបដោយសមធម៌ ទី៤ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម ទីផ្សារ និងរក្សាស្ថិរភាពតម្លៃ និងទី៦ ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្ម និងការកសាងសហគមន៍កសិកម្មទំនើប៕ ដោយ បញ្ញា

























Powered by Blogger.