សម្ដេចធិបតីប្រកាសដាក់ចេញ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស
ភ្នំពេញ៖នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣នេះ ត្រូវនឹងថ្ងៃបើកបវេសនាកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសដាក់ចេញ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម»នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡង ប្រណាំងសាលាស្អាត។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ថ្ងៃនេះសម្ដេចប្រកាសដាក់ចេញនូវ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡង ប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍, លក្ខណៈវិនិច្ឆ័យ, និងនីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសសន្និបាតអប់រំប្រចាំឆ្នាំផងដែរ។
សម្ដេចធិបតីបញ្ជាក់ថា ការដាក់ចេញនូវអាទិភាពគោលនយោបាយ, វិធានការគន្លឹះ និងយុទ្ធនាការខាងលើនេះ មានគោលដៅ ធ្វើឱ្យសាលារៀន ក្លាយជាអង្គភាពសេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់, អភិបាលកិច្ចល្អ, និងមាន គណនេយ្យភាព ជាមួយនឹងប្រជាជន និងសហគមន៍។ ដូច្នេះហើយ សាលារៀនត្រូវតែអនុវត្តតួនាទី ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ជាពិសេស លើការបង្រៀន និងការរៀន ដែលនឹងនាំទៅរក ការប្រែប្រួលជាវិជ្ជមាន នៃលទ្ធផលសិក្សារបស់សិស្ស។ ការពង្រឹងអភិបាលកិច្ចសាលារៀន នឹងឈានទៅលើកកម្ពស់គុណភាពអប់រំ ដែលចំណុះឱ្យកត្តាសំខាន់ៗ ៤ រួមមាន៖ ទី១ កត្តាសាលារៀន៖ សាលារៀនត្រូវផ្តល់នូវ បរិស្ថានអំណោយផល សម្រាប់ការបំពេញការងាររបស់ គ្រូបង្រៀន និងការសិក្សារបស់សិស្ស ដូចជាការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ មានប្រសិទ្ធភាព, ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមស្រប, អនាម័យ និងសុវត្ថិភាព, ការប្រើប្រាស់ថវិកាដើម្បីគាំទ្រការរៀន និងបង្រៀន, ស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា និងគណនេយ្យភាពរបស់សាលារៀន។ ទី២ កត្តាគ្រូបង្រៀន៖ គ្រូបង្រៀនត្រូវមានគុណវុឌ្ឍខ្ពស់, មានការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ, មានវិធីសាស្ត្រ បង្រៀនថ្មី, និងចេះប្រើប្រាស់បច្ចេកវិទ្យា និងរង្វាយតម្លៃក្នុងការបង្រៀន។ ទន្ទឹមនេះ គ្រូបង្រៀន ក៏ត្រូវខិតខំប្រឹងប្រែង និងមានឥរិយាបថល្អ, ទទួលបាននូវលក្ខខណ្ឌការងារ និងការរស់នៅសមរម្យ, ទទួលបានឱកាសសម្រាប់ការសិក្សាស្រាវជ្រាវ និងសហគមន៍សិក្សាវិជ្ជាជីវៈ ព្រមទាំងការលើកទឹកចិត្តតាមគ្រប់រូបភាព។ ទី៣ កត្តាសិស្ស៖ សិស្សមានការលូតលាស់រាងកាយ ខួរក្បាល សតិបញ្ញា មានឥរិយាបថវិជ្ជមាន មានពេលវេលាគ្រប់គ្រាន់ សម្រាប់ការសិក្សារៀនសូត្រ និងត្រៀមខ្លួនរួចស្រេចសម្រាប់ការសិក្សា។ សាលារៀនទាំងនៅទីជនបទ និងតំបន់ជួបការលំបាក ត្រូវមានកម្មវិធីបំប៉នអាហារូបត្ថម្ភ, ការផ្ដល់ អាហារូបករណ៍, និងការផ្ដល់អាហារតាមសាលារៀន។ ទី៤ កត្តាគ្រួសារ៖ ស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់គ្រួសារ, ការឱ្យតម្លៃលើការរៀនសូត្រ, ការជួយគាំទ ខាងផ្នែកស្មារតី និងសម្ភារៈ ពិតជាមានសារៈសំខាន់សម្រាប់ការអប់រំ។ ទោះជាយ៉ាងណា បញ្ហា ចំណាកស្រុក, កង្វះការថែទាំកុមារ, ស្ថានភាពអនាម័យ, និងការប្រើប្រាស់ពលកម្មកុមារ ដើម្បី រកប្រាក់ចំណូល បានជះឥទ្ធិពលអវិជ្ជមាន លើការសិក្សារបស់សិស្ស។
ដូចនេះ ដើម្បីពង្រឹងអភិបាលកិច្ចសាលារៀន ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំយន្តការដើម្បីគាំទ្រដល់សាលារៀន ឆ្ពោះទៅសម្រេចបានស្ដង់ដាសាលារៀនមាន ប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍រួចហើយ ដើម្បីដាក់ឱ្យអនុវត្ដ “ស្តង់ដា សាលារៀនគំរូ” និង "ពានរង្វាន់ សាលាគំរូ សម្តេចមហាបវរធិបតី” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ៕
Post a Comment