អ្នក​រើស​អេ​ត​ចាយ​​រើស​បាន​កាំភ្លើង​ធុន​ M-79​មួយ​ដើម ​និង​គ្រាប់​ចំនួន​១៣​គ្រាប់


 ខេត្តបាត់ដំបង​ ៖ កាំភ្លើង​ធុន M.79 មួយ​ដើម និង​គ្រាប់​ចំនួន​១៣​គ្រាប់ ត្រូវ​បាន​អ្នក​ដើរ​រើស​អេ​ត​ចាយ​​ម្នាក់​ប្រទះ​ឃើញ រួច​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៣ វិច្ឆិកា នៅ​ក្នុង​ព្រៃ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​រំ​ចេញ​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​អាច​មាន​អ្នក​យក​ទៅ​ប្លុង​ចោល​នៅ​ទីនោះ​ ។

សេចក្ដី​រាយ​ការ​ណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាំភ្លើង​ធុន M.79 នោះ ​មាន​ស្ថានភាព​ច្រេះ​ចាប់​ខូច​ខាត​ទៅ​ហើយ ត្រូវ​បាន​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ ឈ្មោះ នា​ត ពិ​ទូ ប្រទះ​ឃើញ​នៅ​ក្នុង​គុ​ម្ពោ​ធ​ព្រៃ ពេល​គាត់​ព្យ​យាម​វែក​ព្រៃ​ចូល​ទៅ​រក​រើស​អេ​ត​ចាយ​។ ក្រោយ​ពី​ប្រទះ​ឃើញ បុរស​នេះ​ក៏​បាន​ផ្ដល់​ដំណឹង​ជូន​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​ៗ ដើម្បី​ចុះ​ពិនិត្យ​។

ពាក់ព័ន្ធ​នឹង​ការ​ប្រទះ​ឃើញ​កាំភ្លើង M.79 និង​គ្រាប់​ចំនួន​១៣​គ្រាប់​ខាងលើ​នេះ ពុំ​ទាន់​មាន​ប្រភព​ច្បាស់លាស់​អះអាង​បែប​ណា​ទេ តែ​គេ​សង្ស័យ​ជំ​ហ៊ាន​​ដំបូង​ថា កាំភ្លើង​នេះ អាច​ត្រូវ​បាន​គេ​(​ម្ចាស់​កាំភ្លើង​) យក​ទៅ​ប្លុង​ចោល​នៅ​ទីនោះ ​។ ព្រោះ​បើ​ពិនិត្យ​លើ​ស្ថានភាព​កាំភ្លើង​នេះ មាន​សភាព​ច្រេះ​ចាប់​ទាំង​គ្រាប់ ទាំង​កាំភ្លើង ខូចខាត​អស់​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ចុះ​ពិនិត្យ គេ​បាន​រាយ​ការ​ណ៍​ទៅ​កាន់​អង្គភាព​កំចាត់​មីន ស៊ី​ម៉ាក់ ដើម្បី​យក​ទៅ​រក្សា​ទុក​ហើយ​។ ទោះ​យ៉ាងណា ជុំវិញ​ការ​ប្រទះ​ឃើញ​កាំភ្លើង​ធុន M.79 ខាងលើ​នេះ ដោយ​លើ​ស្ថានភាព​កន្លែង​កើតហេតុ និង ស្ថានភាព​កាំភ្លើង​នេះ គេ​បាន​សន្និដ្ឋាន​ជាបឋម​ថា ប្រសិនជា​បើ​កាំភ្លើង​នេះ​នៅ​ប្រើ​ការ​បាន ប្រហែល​ម្ចាស់​មិន​យក​ទៅ​បោះចោល​នៅ​ទីនោះ​ទេ តែ​នេះ​ដោយសារ​កាំភ្លើង​ប្រើ​ការ​លែង​កើត​ទើប​គេ​យក​ទៅ​ផ្លុ​ង​ចោល​បំបាត់ដាន​បែប​នេះ​៕ ​




Powered by Blogger.