របាយការណ៍៖ ក្រុមHackerរបស់រដ្ឋាភិបាលចិន កំពុងចូលគ្រប់គ្រងទិន្នន័យស្ថាប័នរដ្ឋាភិបាលកម្ពុជាជាង២០
ក្រុមព័ត៌មានវិទ្យាដ៏ធំមួយរបស់រដ្ឋាភិបាលចិន កំពុងកំណត់គោលដៅចូលមកគ្រប់គ្រងទិន្ន័យរបស់ស្ថាប័នរដ្ឋាភិបាលកម្ពុជាយ៉ាងហោចណាស់ចំនួន២៤ស្ថាប័ន តាមរយៈសេវាកម្មបម្រុងទុកពពក ឬ Cloud Backup Services។ នេះបើតាមការឱ្យដឹងពីមជ្ឈមណ្ឌលបច្ចេកវិទ្យា និងការឆ្នៃប្រឌិតសាកល និងក្រុមបណ្តាញប៉ាឡូ អាល់តូ (Palo Alto Unit 42) ។
យោងតាមការស៊ើបអង្កេតថ្មីមួយរបស់ក្រុមអ្នកវិភាគការគំរាមកំហែងតាមប្រព័ន្ធអុីនធឺណិតរបស់ប៉ាឡូ អាល់តូ រកឃើញថា ស្ថាប័នជាង២០របស់រដ្ឋាភិបាលកម្ពុជាដែលត្រូវបានក្រុមចោរព័ត៌មានវិទ្យារបស់រដ្ឋាភិបាលចិន(APT40) កំណត់គោលដៅរួមមាន៖ ក្រសួងការពារជាតិ ស្ថាប័នបោះឆ្នោត ស្ថាប័នសិទ្ធិមនុស្ស ស្ថាប័នពាណិជ្ជកម្ម ស្ថាប័នហិរញ្ញវត្ថុ ស្ថាប័ននយោបាយ ស្ថាប័នធនធានធម្មជាតិ និងស្ថាប័នទូរគមនាគមន៍។
ស្ថាប័នទាំងនេះត្រូវបានគេពិនិត្យឃើញថា ធ្លាប់បានទាក់ទងឆ្លើយឆ្លងជាមួយក្រុមនេះ កាលពីអំឡុងខែកញ្ញា និងខែតុលា ខណៈក្រុមចោរព័ត៌មានវិទ្យាមួយនេះក៏មានបណ្តាញជាមួយក្រសួងសន្តិសុខរដ្ឋរបស់ចិន ដែលមានសេវាកម្មចារកម្មបរទេស និងមានឈ្មោះថា បណ្តាញបច្ចេកវិទ្យាជាំងឌូ៤០៤ (Chengdu 404 Network Technology) ។
បើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន The Washington Postរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី០៨ និងយោងរបាយការណ៍ចេញពីក្រុមបណ្តាញសន្តិសុខអុីនធឺណិតប៉ាឡូ អាល់តូគឺ ស្ថាប័នរបស់កម្ពុជាទាំង២៤នេះ គឺផ្ទុកទិន្នន័យសំខាន់ៗ និងរសើបជាច្រើនដូចជា ទិន្នន័យផ្នែកហិរញ្ញវត្ថុ ឯកសាររដ្ឋាភិបាល រួមទាំងព័ត៌មានរបស់ពលរដ្ឋផងដែរ។
ក្នុងនោះ ការវាយតម្លៃរបស់ក្រុមអ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាអះអាងថា ស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជាទាំងនេះ ទំនងជាអាចនឹងត្រូវស្ថិតក្រោមគោលដៅគ្រប់គ្រងរបស់ក្រុមចារកម្មចិនក្នុងរយៈពេលយូរ ពីព្រោះអ្នកជំនាញលើកឡើងថា ហេតុផលដែលក្រុមចារកម្មចិន ចូលមកគ្រប់គ្រងទិន្នន័យនៃស្ថាប័នខ្លះរបស់រដ្ឋាភិបាលកម្ពុជា ក៏ព្រោះនេះគឺ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបង្កើនទំនាក់ទំនងបន្ថែមរវាងកម្ពុជា-ចិន និងទាក់ទងជាមួយបញ្ហាភូមិសាស្ត្រនយោបាយ ដោយចិនកំពុងពង្រើកមហិច្ឆតាលើវិស័យយោធាក្នុងតំបន់។ ក្នុងនោះ ក៏ជាប់ពាក់ព័ន្ធនឹងមូលដ្ឋានទ័ពរាមរបស់កម្ពុជាផង។ មួយផ្នែកទៀត កម្ពុជាក៏ជាផ្នែកមួយដ៏សំខាន់របស់ចិនជុំវិញគំនិតផ្តួតផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
ពាក់ព័ន្ធនឹងក្រុមចារកម្មចិននេះ កាលពីអំឡុងខែកក្តដា ឆ្នាំ២០១៨ ការស្រាវជ្រាវមួយរបស់ក្រុមហ៊ុនតាមដានការគំរាមកំហែងតាមប្រព័ន្ធអុីនធឺណិត ម៉ែនឌាន (Mandiant)ដែលបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុន Google រកឃើញថា ក្រុមHackersរបស់រដ្ឋាភិបាលចិនក៏បានចូលមកគ្រប់គ្រងទិន្នន័យបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០១៨ ពិសេសបានកំណត់មុខសញ្ញាលើអ្នកនយោបាយបក្សប្រឆាំងថែមទៀត។
សូមជម្រាបថា ក្រុមចោរព័ត៌មានវិទ្យាចិននេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិនគឺ ក្រសួងសន្តិសុខរដ្ឋចិន (MSS) និងមានឈ្មោះថា APT 40។ ក្រុមនេះមានមូលដ្ឋាននៅក្នុងខេត្តហៃណានប្រទេសចិន និងផ្តើមសកម្មភាពចាប់តាំងពីឆ្នាំ២០០៩មក។ នេះបើយោងតាមការបញ្ជាក់ពីក្រុមFBI និង ទីភ្នាក់ងារសន្តិសុខអុីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធCISA។ ក្រុមចោរព័ត៌មានវិទ្យាចិននេះ តែងតែកំណត់គោលដៅទៅលើស្ថាប័នរដ្ឋាភិបាល សាកលវិទ្យាល័យ ក្រុមហ៊ុនល្បីៗដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក តំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងតំបន់អាស៊ីជាដើម៕ ប្រភព-rfi-
Post a Comment