រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ


 ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ប៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍ កោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ និងជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីវេលាម៉ោង០០៖០០នាទីយប់ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ៕



Powered by Blogger.