ផ្តន្ទាទោសជនជាតិ២នាក់ ដាក់គុកម្នាក់ៗ ២២ឆ្នាំពីបទជួញដូរគ្រឿងញៀនជាង៣០គីឡូក្រាម
ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាតិ២នាក់ ដាក់គុកម្នាក់ៗ ២២ឆ្នាំ ពីបទជួញដូរគ្រឿងញៀនជាង៣០គីឡូក្រាម កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ធាម ចន្ទ័ណិសិដ្ឋ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក គឺម ហុងសាន ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២៣ នេះបានបើកសវនាការប្រកាសសាលក្រម លើសំណុំរឿង ជួញដូរគ្រឿងញៀនជាង៣០គីឡូក្រាម និងសារធាតុផ្សំជាង៥៦គីឡូក្រាម ដោយបានសម្រេចដាក់គុកឈ្មោះ LI ZHI ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន និងឈ្មោះ PENG ZHENGCHENG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន ក្នុងម្នាក់ៗចំនួន២២ឆ្នាំ និងពិន័យចំនួន ៩០លានរៀល។
ពាក់ករណីក្រុមឧក្រិដ្ឋជនគ្រឿងញៀននេះមន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្លាប់បានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៣:៣០នាទីរសៀល សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ និងវរសេនីយ៍ឯក ស៊ុ ណារ៉ាក់ នាយករងមន្ទីរ, វរសេនីយ៍ទោ នួន ច័ន្ទ និងវរសេនីយ៍ទោ ប៉ែន ណុល ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សម្របសម្រួលដោយ លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងព្រះសីហនុ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីកែច្នៃ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ៣ចំណុចផ្សេងគ្នា ជាបន្តបន្ទាប់។
សម្រាប់លទ្ធផលនៃការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់៖ ឈ្មោះ CHO SHIH JIE ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន តៃវ៉ាន់។ ឈ្មោះ LI ZHI ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន និងឈ្មោះ PENG ZHENGCHENG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន ដោយចាប់យកវត្ថុតាង៖ ហេរ៉ូអ៊ីន ទម្ងន់ជាង៣គីឡូក្រាម, ម្សៅក្រាមពណ៌ផ្កាឈូកខ្ចី (MDMA) ទម្ងន់ជាង៤គីឡូក្រាម, មេតំហ្វេតាមីន (ICE)ទម្ងន់ជាង៩គីឡូក្រាម, មេតំហ្វេតាមីន(WY) ទម្ងន់ ៦៤៨ក្រាម, កេតាមីន (Ketamine) ទម្ងន់ជិត៨គីឡូក្រាម, សារធាតុរាវ (Ketamine) ចំនួន ២១៥ដប ទម្ងន់ជាង២គីឡូក្រាម, ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ជិត៣គីឡូក្រាម ដោយសរុបសារធាតុញៀនទាំងអស់ស្មើនឹងជាង ៣០គីឡូក្រាម និងសារធាតុផ្សំជាង៥៦គីឡូក្រាម៕
Post a Comment