កុមារីម្នាក់ទៀត បានឆ្លងជំងឺផ្តាសាយបក្សី និងបានបញ្ជូនទៅរាជធានីភ្នំពេញ បន្ទាប់ពីស្ត្រីវ័យ២១ឆ្នាំ បានស្លាប់

 

កំពត៖ លោកវេជ្ជបណ្ឌិត ហេង ចន្ថា អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា នារីវ័យ ២១ឆ្នាំ ដែលមានជំងឺផ្តាសាយបក្សីក្នុងស្រុកដងទង់ និងបានបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញនោះ បានស្លាប់កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងធ្វើពិធីបូជានៅឯស្រុកកំណើតរួចរាល់ហើយ។ ចំណែកកុមារីអាយុ ៤ឆ្នាំដែលឆ្លងជំងឺដូចគ្នានៅភូមិឃុំដដែលនោះ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពត ទៅកាន់រាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ស្របតាមការណែនាំពីក្រសួងសុខាភិបាល។





លោកអនុប្រធានមន្ទីរ បានបន្តថា តាមពិតកុមារីរូបនោះមានសុខភាពប្រសើរឡើងវិញហើយ តែនេះជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង ទើបតម្រូវឱ្យបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យកុមារជាតិ។ ចំណែកនៅភូមិឃុំដែលកើតហេតុការណ៍ឆ្លងមេរោគផ្តាសាយបក្សីនោះ មានស្ថានភាពល្អ ពោលគឺ មន្ត្រីជំនាញ និងផ្នែកពាក់ព័ន្ធទាំងអស់អាចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង។


សូមរំឭកថា រយៈពេល ២សប្តាហ៍ នៅភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត មានករណីសត្វមាន់ទាឈឺ និងងាប់ជាបន្តបន្ទាប់។ ខណៈពេលនោះនារីវ័យ ២១ឆ្នាំម្នាក់បានយកមាន់ងាប់ធ្វើម្ហូប ក្រោយបរិភោគរួចមកក៏មានអាការៈមិនស្រួល ហើយត្រូវអ្នកភូមិនាំទៅកាន់មន្ទីរពេទ្យបង្អែកស្រុកឈូក ហើយរកឃើញឆ្លងមានផ្ទុកមេរោគផ្តាសាយបក្សី ទើបក្រុមគ្រួពេទ្យបានបញ្ជូនបន្តទៅព្យាបាលនៅរាជធានីភ្នំពេញ។

ករណីនេះ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះផ្សព្វផ្សាយអប់រំ និងសម្លាប់មាន់ទាមានជំងឺប្រមាណជិត ១០០ក្បាល។ ក្រោយមក ក្រុមគ្រូពេទ្យជំនាញក៏បានរកឃើញកុមារីវ័យ ៤ឆ្នាំម្នាក់ទៀត បានឆ្លងមេរោគផ្តាសាយបក្សីដដែលនេះ រួចបញ្ជូនចូលព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ក្រៅពីនោះមិនមានអ្នកផ្សេងក្នុងភូមិដដែលនេះវិជ្ជមានមេរោគផ្តាសាយបក្សីទេ៕

Powered by Blogger.