សម្តេចតេជោ៖ បើគ្មានការឈប់បាញ់ទេតំបន់ហ្គាសា នឹងក្លាយជាវាលពិឃាដ និងកន្លែងកប់ខ្មោចដ៏ធំនៅលើពិភពលោក
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការអំពាវនាវដល់ក្រុមហា ម៉ាស់បាឡេស្ទីន គប្បីធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកការបទឈប់បាញ់គ្នា ហើយ ដរាបណានៅតំបន់ហ្គាសាគ្មានការឈប់បាញ់គ្នាទេនោះ សម្តេចបានចាត់ទុកថាតំបន់នេះនឹងក្លាយទៅជា វាលពិឃាដ និងកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក។
តាមរយៈឆាណែលតេលេក្រាម នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថាកន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ ឲ្យមានបទឈប់បាញ់មួយនៅតំបន់ហ្គាសា តែត្រូវបានបដិសេដ្ឋដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដោយគាត់បានថ្លែងថា (នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង)។
សម្តេចតេជោ បានលើកឡើងទៀតថាប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន សម្តេចមើលឃើញថា វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំង ដើម្បីដោះដូរជាមួយបទឈប់បាញ់។
យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាបិតាស្ថាបនិកសន្តិភាព របស់កម្បុជា បានអំពាវនាវដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៊ីស្រាអែលថា នឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង។ សម្តេចតេជោ បានលើកឡើងថា «ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្រ្គាសាស្រ្ទីបទាំងមូល៕
Post a Comment