នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានអញ្ជើញអធិបតីក្នុងពិធីប្រកាសតែងតាំង មុខតំណែងនាយទាហាននៃ ខ.ភ.ម និងសម្ពោធសមិទ្ធផលនានា នៅសាកលវិទ្យាល័យការពារជាតិ (ឬស្សីកែវ)។ ពិធីនេះបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេរមភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានយ៉ាងច្រើនកុះករផងដែរ។
នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ បានមានប្រសាសន៍ថា នៅមុនថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ លោកជា អគ្គមេបញ្ជាការរង ខ.ភ.ម, នៅក្នុងព្រឹត្តិការណ៍ការចូលឈ្លានពានពីសំណាក់កងទ័ពថៃនៅតំបន់ប្រាសាទព្រះវិហារ ឆ្នាំ២០០៨ ពេលនោះលោកបានទទួលជាមេបញ្ជាការប្រចាំសមរភូមិទី១ ទិសប្រាសាទព្រះវិហារ ក្រោយមកបានទទួលមុខតំណែង ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិរហូតដល់ពេបច្ចុប្បន្ន។ ឯកឧត្តមបានឲ្យដឹងថាក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យការពារជាតិ មានការប្រែប្រួលមុខមាត់ថ្មីយ៉ាងច្រើន ទាំងនៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរ ខ.ភ.ម និងការកសាងអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ ក្នុងនោះ បានសាងសង់នូវអគារសាលសហសិក្សាថ្មី១ខ្នង ដែលមានចំណុះ ៣ពាន់ ៥០០នាក់ និងអគារសិក្សា អគារបម្រើការងារ បណ្ណាល័យ និងអគារស្នាក់នៅជាច្រើនខ្នងដែលមានការជួយឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ក្រសួងការពារជាតិ អគ្គបញ្ជាការ ខ.ភ.ម សប្បរសជន និងបណ្តាប្រទេសជាមិត្តជាច្រើនទៀត។
ក្នុងព្រះរាជក្រឹត្យតែងតាំងមុខតំណែង នាយទាហាននៃ ខ.ភ.ម របស់ព្រះមហាក្សត្រ ដែលអានដោយ នាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា និងជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ បានប្រកាស ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការរង និងជានាយក មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងភាសា បច្ចុប្បន្នទទួលមុខតំណែងជា សាកលវិទ្យាធិការ នៃសកលវិទ្យាល័យការពារជាតិ ហើយនាយឧត្តមសេនីយ៍ ជា តារា ត្រូវបានតែងតាំងតម្លើងជារដ្ឋលេខាធិការនៃក្រសួងការពារជាតិ។
ក្នុងឱកាសទទួលតំណែងថ្មីនេះ ឧត្តមសេនីយ៍ឯក ដោក សុផា បានប្ដេជ្ញាចិត្តបន្តខិតខំពង្រឹងចំណេះដឹង ក្នុងវិស័យការពារជាតិឱ្យកាន់តែមានការរីកចម្រើន ក៏ដូចជាការប្ដេជ្ញាប្រឹងប្រែងអនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យកាន់តែល្អប្រសើរ។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ នាយឧត្តមសេនីយ៍ ជា តារា អតីតសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ នាពេលកន្លងមកនេះបានខិតខំប្រឹងប្រែងអនុវត្តបណ្តុះបណ្តាល ធនធានមនុស្សលើវិស័យការពារជាតិ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធាចារ្យ និងសាស្ត្រាចារ្យ បុគ្គលិកសិក្សា និងនាយទាហាន នាយទាហាន និងពលទាហាន សាកលវិទ្យាល័យការពារជាតិ ដែលពេលកន្លងមកនេះ បានខិតខំប្រឹងប្រែងប្រមូលផ្ដុំនូវឆន្ទៈស្មារតី នៅលើការបណ្តុះបណ្តាលធនធានមនុស្សដល់ជួរ ខ.ភ.ម ឱ្យទាន់សភាពការណ៍ នៃសកលលោក ព្រោះបច្ចុប្បន្ន មានទំនើបកម្មច្រើននៅលើពិភពលោក ដូចជាបច្ចេកវិទ្យាថ្មី យុទ្ធោបករណ៍ សព្វាវុធជាដើម គឺត្រូវតាមឱ្យទាន់ ដើម្បីធ្វើយ៉ាងណា បញ្ចេញជាមេរៀនថ្មីៗ ជូនទៅដល់សិក្ខាកាម ឱ្យបានជ្រាប និងតាមដានជាប្រចាំនូវព័ត៌មានទាំងអស់នោះ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានជំរុញឱ្យសាកលវិទ្យាធិការថ្មី នៃសកលវិទ្យាលការពារជាតិ ត្រូវពង្រឹងសាមគ្គីភាព ពង្រឹងការបណ្ដុះបណ្ដាលដល់សិក្ខាកាមឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមការពារសុខសន្តិភាព បូរណភាពទឹកដី ការពារព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ របស់ប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានផ្តល់អនុសាសន៍ណែនាំដល់យោធាចារ្យ និងសាស្ត្រាចារ្យ បង្រៀននៅសកលវិទ្យាល័យការពារជាតិ ត្រូវស្រាវជ្រាវរកកម្មវិធីសិក្សាថ្មីបន្ថែមទៀត បង្រៀនទៅសិក្ខាកាម ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនទំនប់កម្មនៃវិស័យកងទ័ពនៅលើពិភពលោក។
នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកពីស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងស្មុគស្មាញ នៃបញ្ហាសន្តិសុខមិនប្រពៃណី និងបញ្ហាសន្តិសុខប្រពៃណី ដែលបង្កើតជាផលប៉ះពាល់ជាបន្តបន្ទាប់ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសកល។ តួយ៉ាងបញ្ហាសន្តិសុខបង្កមកពីជំងឺកូវីដ១៩ អំពើភារវកម្ម បញ្ហាសន្តិសុខបច្ចេកវិទ្យា បម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច បរិស្ថាន និងសង្គមកិច្ច កាន់តែខ្លាំងក្លា។ មួយវិញទៀតឥទ្ធិពលការផ្ទុះឡើង និងបន្តអូសបន្លាយសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន សង្គ្រាមអ៉ីស្រាអែល និងហាម៉ាស់ ឥទ្ធពលភូមិសាស្ត្រនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា សុទ្ធសឹងតែធ្វើឱ្យប៉ះពាល់ដល់ការងើបឡើង នៃសេដ្ឋកិច្ច៕ នាគរាជ
Post a Comment