សមត្ថកិច្ចបង្រ្កាបបានគ្រឿងក្នុងនិងសាច់ជ្រូក ប្រហិតបង្កក់ និងបង្គាចាក់ចាហួយជិត៨ពាន់គីឡូក្រាម
ភ្នំពេញ៖ ត្រឹមរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបង្រ្កាបផលិតផលក្លែងបន្លំបានបង្រ្កាបបានផលិតផលគ្មានការអនុញ្ញាត ហួលកាលកំណត់ និងផលិតផលដាក់សារធាតុហាមឃាត់បានជិត៨០០០គីឡូក្រាម។ នេះបើតាមទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ផលិតផលដែលសមត្ថកិច្ចបង្ក្រាបបាននោះរួមមាន បង្គាស្រស់ចំនួន ១២៤កេស ស្មើនឹង ២,១៣០គីឡូក្រាមកាលពីថ្ងៃទី១៦ ខែវិច្ឆិកា រកឃើញសាធារតុគីមី Formolin និងមានចាក់ចាហួយ (CMC) ដែលជាសារធាតុធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ និងខុសនឹងច្បាប់ដែលមានចែងជាធរមាន។
នៅថ្ងៃទី១៦ ខែវិច្ឆិកាដដែរនោះ សមត្ថកិច្ចក៏ឆែកឆេរទីតាំងស្តុកនិងចែកចាយមួយកន្លែងផ្សេងទៀតនៅខណ្ឌមាន ជ័យ ដោយរកឃើញសាច់បង្កកដែលពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវចំនួន ៤,៧១០ គីឡូក្រាម។ដោយឡែកកាលពីថ្ងៃទី១៥ ខែវិច្ឆិកាវិញ សមត្ថកិច្ចបានឆែកឆេរទីតាំងស្តុកនិងចែកចាយមួយកន្លែងផ្សេងទៀតនៅខណ្ឌទួលគោករកឃើញសាច់បង្កក និងប្រហិតហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣០គីឡូក្រាម ដែលពុំបានអនុវត្តតាមលក្ខខណ្ឌតម្រូវស្ដីពីសុវត្ថិភាពម្ហូបអាហារ។
តាមរូបភាពបង្ហោះលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF គេប្រទះឃើញមាន គ្រឿងក្នុងជ្រូក សាច់ ស្លឹកត្រចៀកជ្រូក ប្រហិតក្តាម និងប្រហិតផ្សេងៗផងដែរ ដោយសមត្ថកិច្ចបានដុតកម្ទេចចោល។ ដោយឡែកម្ចាស់ទំនិញខាងលើត្រូវចូលខ្លួនទៅបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនឹងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវផងដែរ៕
Post a Comment