ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា របស់អគ្គនាយកដ្ឋានធនធានមនុស្ស
នាព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានធនធានមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមចំណុះអគ្គនាយកដ្ឋានធនធានមនុស្សជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានជម្រាបជូនរបាយការណ៍ ស្ដីពីវឌ្ឍនភាពការងារ របស់នាយកដ្ឋានក្រោមចំណុះអគ្គនាយកដ្ឋាន ជូនដល់ ឯកឧត្តម អគ្គនាយក និងអង្គប្រជុំអំពីផែនការសកម្មភាពដែលបានអនុវត្តនាពេលកន្លងមក រួមជាមួយនឹងបញ្ហាប្រឈម និងទិសដៅបន្តសម្រាប់ខែបន្តបន្ទាប់។
នាឱកាសនោះ ឯកឧត្តម សាស្ត្រាចារ្យ អគ្គនាយក បានមានមតិស្វាគមន៍ និងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ លើការងារដែលថ្នាក់ដឹកនាំបានប្រគល់ជូន។ ដោយផ្អែកតាមបទពិសោធន៍កន្លងមក ឯកឧត្តម អគ្គនាយក បានមានសង្ឃឹម និងជំនឿជឿជាក់ថា ការងាររបស់អគ្គនាយកដ្ឋាន នឹងទទួលបាននូវលទ្ធផលល្អប្រសើរ ដោយផ្អែកទៅតាមទិសដៅដែលបានត្រៀមរៀងរាល់ខែសម្រាប់ខែជាបន្តបន្ទាប់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សាស្ត្រាចារ្យ អគ្គនាយក បានប្រគល់របាយការណ៍កិច្ចប្រជុំជូនក្រុមការងាររៀបចំពិនិត្យ និងកែតម្រូវខ្លឹមសារឡើងវិញ តាមស្មារតីអង្គប្រជុំ ដើម្បីចែកជូនដល់អគ្គនាយករង និងនាយកដ្ឋានទាំងអស់ក្រោមចំណុះអគ្គនាយកដ្ឋានដើម្បីទុកជាឯកសារ៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
Post a Comment