ភារកិច្ចសំខាន់ៗទាំង៥ដំណាក់កាល របស់រដ្ឋបាលរាជធានីខេត្ដ ក្នុងដំណើរការប្រឡងបាក់ឌុប

 ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះហើយដោយមានរយៈពេល២ថ្ងៃ។ ដើម្បីឱ្យដំណើរការប្រឡងបញ្ចប់ដោយជោគជ័យ ក្រសួងអប់រំបានចេញការណែនាំទៅដល់រដ្ឋបាលរាជធានី ខេត្ដ ពីការចូលរួមអនុវត្ដការងារសំខាន់ៗក្នុងដំណើរការប្រឡង ដូចជាការពារវិញ្ញាសាមិនឱ្យបែកធ្លាយ ទប់ស្កាត់ការបោះ គប់ ឬនាំសំណៅចម្លើយចូលមណ្ឌលនិងបន្ទប់ប្រឡង រួមទាំងត្រៀមគ្រូពេទ្យជួយសង្គ្រោះនៅពេលបេក្ខជនប្រឡង គណៈមេប្រយោគ ឬភាគីពាក់ព័ន្ធមានបញ្ហាសុខភាពជាដើម។

បើតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះហត្ថលេខានៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងច្បាស់អំពីការអនុវត្ដភារកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ដ ដែលមានអភិបាល នៃគណៈអភិបាលរាជធានី ខេត្ដ ក្រុង ស្រុង ខណ្ឌ នៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប ក្នុងន័យឱ្យដំណើរការប្រឡងប្រព្រឹត្ដទៅក្នុងភាពប្រក្រតី មានសណ្ដាប់ធ្នាប់ ពិសេសធានាគោលការណ៍ច្បាប់ យុត្ដិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ការអនុវត្ដភារកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ដមាន៥ដំណាក់កាលសំខាន់ៗគឺ ១មុនដំណើរការសំណេរ, ២ ក្នុងដំណើរការសំណេរ, ៣ ក្រោយដំណើរការសំណេរ, ៤ ក្នុងដំណើរការកំណែ និង៥ ក្នុងដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងប្រកាសលទ្ធផល។

ចំពោះភារកិច្ចដំណាក់កាលទី១ គឺមុនដំណើរការសំណេរ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ត្រូវជួយសម្រួលដល់គណៈមេប្រយោគប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅពេលដឹកជញ្ជូនហឹបប្រធានវិញ្ញាប្រឡងពីក្រសួងអប់រំទៅកាន់រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និងចាត់មន្ដ្រីទទួលបន្ទុកថែរក្សា ប្រគល់ ទទួលហឹបប្រធានវិញ្ញាសា និងហឹបកិច្ចការបេក្ខជនដែលបានផ្ញើដោយគណៈមេប្រយោគប្រឡង ព្រមទាំងទទួលខុសត្រូវលើសុវត្ថិភាពហឹបប្រធានវិញ្ញាសា និងហឹបកិច្ចការបេក្ខជនក្នុងអំឡុងពេលធ្វើដំណើរ។ ជាងនេះទៅទៀត ត្រូវចាត់កម្លាំងចូលរួមរក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការរក្សាទុកដាក់ហឹបវិញ្ញាសា និងហឹបកិច្ចការបេក្ខជននៅតាមសាលារាជធានី ខេត្ដ និងក្រុង ស្រុកគោលដៅ។ 

ក្រៅពីនេះ ត្រូវរៀបចំការប្រជុំជាមួយគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី ខេត្ដ និងអ្នកពាក់ព័ន្ធ ដើម្បីរាយការណ៍អំពីស្ថានភាពមណ្ឌល, ការរៀបចំកម្លាំងការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយតាមបណ្ឌលប្រឡងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្ដល់កិច្ចសហការក្នុងដំណើរការប្រឡង។ បន្ថែមលើនេះ ត្រូវចូលរួមប្រជុំជាមួយគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី ខេត្ដ ដើម្បីណែនាំការងាររដ្ឋបាលបច្ចេកទេស សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ដល់គណៈមេប្រយោគ និងគណៈកម្មការនានានៅតាមមន្ទីរអប់រំ រាជធានី ខេត្ដ, ត្រូវចាត់កម្លាំងទប់ស្កាត់ការថតចម្លងសំណៅឯកសារផ្សេងៗពាក់ព័ន្ធនឹងការប្រឡងតាមគ្រប់រូបភាព និងបាតុភាពមិនប្រក្រតីនានាដែលអាចកើតឡើងជាយថាហេតុ។

ម្យ៉ាងវិញទៀត ត្រូវរៀបចំកម្លាំងការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយតាមមណ្ឌលប្រឡងនីមួយៗ តាំងពីពេលចាប់ផ្ដើមរហូតដល់ចប់ដំណើរការវិញ្ញាសាសរសេរ, សម្របសម្រួល និងចាត់តាំងមន្ទីរសុខាភិបាល និងស.ស.យ.ក រាជធានី ខេត្ដ ឱ្យសហការជាមួយគណៈមេប្រយោគប្រឡងពាក់ព័ន្ធនឹងការស្នាក់នៅ និងបញ្ហាសុខភាពបេក្ខជន និងគណៈមេប្រយោគ។ ជួយសម្របសម្រួលជាមួយម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់សម្រាប់បេក្ខជន និងគណៈមេប្រយោគស្នាក់នៅកុំឱ្យដំឡើងថ្លៃក្នុងពេលប្រឡង ក៏ដូចជាការផ្ដល់សន្ដិសុខ និងសុវត្ថិភាពនៅក្នុងអំឡុងពេលស្នាក់នៅព្រមទាំងជួយសម្រួលការផ្ញើកង់ និងម៉ូតូរបស់បេក្ខជនប្រកបដោយសុវត្ថិភាព។

រីឯដំណាក់កាលទី២ គឺនៅក្នុងដំណើរការសំណេរ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌត្រូវចូលរួម និងសហការជាមួយគណៈមេប្រយោគទូទាំងប្រទេសបើកប្រធានវិញ្ញាសាជាផ្លូវការតាមមណ្ឌលប្រឡងណាមួយសម្រាប់វិញ្ញាសាទី១ និងតែម្ដងគត់ ជានិមិត្ដរូបតំណាងឱ្យរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ដោយមានការចូលរួមពីគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី ខេត្ដ គណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល ប្រធាន អនុប្រធានមណ្ឌលប្រឡង ចូលរួមត្រួតពិនិត្យតាមអគារ និងអ្នកពាក់ព័ន្ធ។ ត្រូវគ្រប់គ្រងសភាពការណ៍ប្រឡង ចូលរួមត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ដល់សមត្ថកិច្ចក្នុងការរក្សានូវសុវត្ថិភាពវិញ្ញាសា សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមមណ្ឌលប្រឡងនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ចៀសវាងឱ្យបានជាដាច់ខាតនូវបាតុភាពអសកម្ម ដែលបង្កឱ្យមានភាពអនាធិបតេយ្យក្នុងពេលប្រឡង។ ជួយរក្សាសុវត្ថិភាព សន្ដិសុខដល់គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ និងបេក្ខជនប្រឡង នៅតាមមណ្ឌល, ទប់ស្កាត់ការថតចម្លងសំណៅឯកសារផ្សេងៗពាក់ព័ន្ធនឹងការប្រឡងតាមគ្រប់រូបភាព ពិសេសផ្អាកអាជីវកម្មថតចម្លងឯកសារនៅតាមទីតាំងជុំវិញបរិវេណមណ្ឌលប្រឡង, ជួយសម្រួលចរាចរណ៍ដល់បេក្ខជន និងគណៈមេប្រយោគដើម្បីធ្វើដំណើរទៅមណ្ឌលប្រឡងឱ្យបានទាន់ពេលកំណត់។ ចូលរួមទប់ស្កាត់បាតុភាពមិប្រក្រតីនានាដែលអាចកើតឡើងជាយថាហេតុ, បិទផ្លូវ ឬផ្អាកជាបណ្ដោះអាសន្ននូវការបើកតៀមលក់ដូរ នំចំណីជុំវិញមណ្ឌលប្រឡង បិទឬផ្អាកបណ្ដោះអាសន្នការធ្វើដំណើរឆ្លងកាត់ ដែលរំខានដល់ដំណើរការប្រឡង, ទប់ស្កាត់ការបោះ គប់ ឬបញ្ជូនសំណៅចម្លើយនៃវិញ្ញាសាចូលក្នុងមណ្ឌលនិងបន្ទប់ប្រឡង, ចាត់កងកម្លាំងមានសមត្ថកិច្ចយាមកាមតាមមណ្ឌលប្រឡងនៅចន្លោះម៉ោងសម្រាកថ្ងៃត្រង់ និងពេលយប់។

នៅដំណាក់កាលទី៣ គឺក្រោយដំណើរការសំណេរ ត្រូវចាត់កម្លាំងចូលរួមរក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការរក្សាទុកដាក់ហឹបកិច្ចការបេក្ខជនប្រឡង ដោយរសៀលថ្ងៃទី១ក្រោយដំណើរការប្រឡងបានបញ្ចប់ ត្រូវអមគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី ខេត្ដ និងគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល ដើម្បីដឹកហឹបកិច្ចការបេក្ខជនពីមណ្ឌលប្រឡងមករក្សាទុកនៅសាលាខេត្ដ លើកលែងតែរាជធានីភ្នំពេញត្រូវដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ ហឹបកិច្ចការបេក្ខជនដែលមានមណ្ឌលប្រឡងនៅតាមក្រុង ស្រុក ត្រូវដឹកយកមករក្សាទុកនៅសាលាខេត្ដ។ នៅព្រឹកថ្ងៃបន្ទាប់ ក្រោយដំណើរការប្រឡងត្រូវបានបញ្ចប់ទាំងពីរថ្ងៃ ត្រូវអមគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី ខេត្ដ និងគណៈអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល ដើម្បីដឹកហឹបកិច្ចការបេក្ខជនពីសាលាខេត្ដមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ 

ចំពោះដំណាក់កាលពី៤ ក្នុងដំណើរការកំណែ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌត្រូវរក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការរក្សាទុកហឹបកិច្ចការបេក្ខជន ដោយក្នុងនោះត្រូវចូលរួមអមដំណើរប្រធានមណ្ឌលកំណែ ដើម្បីដឹកហឹបកិច្ចការបេក្ខជនពីវិទ្យាល័យព្រះស៊ីសុវត្ថិទៅរក្សាទុកនៅក្នុងមណ្ឌលកំណែទាំង១០ក្នុងរាជធានីភ្នំពេញ។ រៀបចំកម្លាំងការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយតាមមណ្ឌលកំណែ រួមទាំងរក្សាសុវត្ថិភាពសន្លឹកកិច្ចការបេក្ខជនដែលបានរក្សាទុកនៅក្នុងមណ្ឌលកំណែ, រក្សាសន្ដិសុខ និងសុវត្ថិភាពដល់គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ក្នុងដំណើរការកំណែ, សម្របសម្រួលចរាចរណ៍ដើម្បីឱ្យគណៈមេប្រយោគ និងគណៈកម្មការកំណែបានមកបំពេញការងារទាន់ពេលកំណត់ និងចូលរួមទប់ស្កាត់បាតុភាពមិនប្រក្រតីនានាដែលអាចកើតមានជាយថាហេតុក្នុងដំណើរការកំណែ។

សម្រាប់ដំណាក់កាលទី៥ជាដំណាក់កាលចុងក្រោយ គឺដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងប្រកាសលទ្ធផល ត្រូវរៀបចំកម្លាំងការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយនៅមណ្ឌលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ នៅតាមអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា(ជាប់សាលាបឋមសិក្សាចៅពញាហុក) សាលាបឋមសិក្សាចៅពញាហុក និងនាយកដ្ឋានកិច្ចការប្រឡង។ រក្សាសន្ដិសុខ និងសុវត្ថិភាពដល់គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ក្នុងដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ, សម្រួលចរាចរណ៍ដើម្បីឱ្យគណៈមេប្រយោគ និងគណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ បានមកបំពេញការងារទាន់ពេលកំណត់, ចូលរួមទប់ស្កាត់បាតុភាពមិនប្រក្រតីនានាដែលអាចកើតឡើងក្នុងដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ, ចាត់កម្លាំងការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយនៅតាមមណ្ឌលប្រឡងនីមួយៗនៅពេលប្រកាសលទ្ធផលប្រឡង។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧,៤១២នាក់ កើនឡើងជាងឆ្នាំមុន៩,២៧៧នាក់ ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួន៤១,៣៧៩នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦,០៣៣នាក់។ ចំពោះមណ្ឌលប្រឡង ចែកជា២២៧មណ្ឌល ត្រូវជា៥,៥៤៣បន្ទប់៕ 



Powered by Blogger.