ព្រះមហាក្សត្រអរគុណជំនួយដែលបារាំងផ្តល់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា

 ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះនរោត្តម សីហមុនី បានមានព្ររាជបន្ទូលថ្លែងអំណរគុណចំពោះជំនួយគ្រប់រូបភាព ដែលរដ្ឋាភិបាលបារាំងបានផ្តល់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ព្រះករុណា ព្រះមហាក្សត្រ បានបញ្ជាក់ថា ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់បារាំងចំពោះប្រទេសកម្ពុជា។ ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ ត្រូវបានធ្វើឡើងក្នុងជំនួបព្រះរាជសវនាការដាច់ដោយឡែកជាមួយ លោក អេម៉ានូអែល ម៉ាក្រុង(Emmanuel MACRON) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅវិមានអ៊ែលីស៊េ(Elysee) នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។

ព្រះករុណា ព្រះមហាក្សត្រ បានសម្តែងនូវក្តីរំពឹងយ៉ាងខ្លាំងចំពោះ ១. គម្រោងនៃការសិក្សាការជួសជុល និងការពង្រឹងសារមន្ទីរជាតិដោយអ្នកជំនាញរបស់បារាំង, ២. កិច្ចសហប្រតិបត្តិការរបវាងសារមន្ទីរជាតិ និងសារមន្ទីរ ជីម៉េត(Guimet) និង៣. ការជួសជុលរូបព្រះវិស្ណុផ្គុំពីសំរឹទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។ 

ជាកិច្ចឆ្លើយតប លោក អេម៉ានូអែល ម៉ាក្រុង បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំងក្នុងការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirungie) និងប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។

លោក អេម៉ានូអែល ម៉ាក្រុង បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រឹងសារមន្ទីរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត។ លោកក៏បានចាត់ទុកថា ជោគជ័យនៃយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីដ្ឋានប្រវត្តិសាស្រ្តតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម។ 

តបនឹងព្រះរាជសំណើរបស់ ព្រះករុណា ព្រះមហាក្សត្រ លោកប្រធានាធិបតីបារាំង បានសន្យាថា នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ ប៉ាវីយ៉ុង ណាប៉ូឡេអុង៣ (Pavillon Napoleon III) នៅក្នុងបរិវេណព្រះបរមរាជវាំង៕

Powered by Blogger.