ឃាត់ខ្លួនពេទ្យឆ្មបម្នាក់ធ្វើការរំលូតកូនបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់
ខេត្តបាត់ដំបង៖ គ្រូពេទ្យឆ្មបមធ្យមម្នាក់ ត្រូវនគរបាលស្រុកសំពៅលូនធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារស្ត្រីរងគ្រោះ ដោយសារតែពេទ្យឆ្មបមធ្យមរូបនេះ បានធ្វើការរំលូតកូនបណ្តាលស្ត្រីម្នាក់ស្លាប់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៣ និង ១០ នាទី រសៀល នៅចំណុចក្រុមទី៧ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ពេទ្យឆ្មបដែលត្រូវឃាត់ខ្លួនឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាព រំលូតកូនជនរងគ្រោះក្នុងផ្ទៃដែលមានអាយុ ៥ សប្តាហ៍ ដោយការប្រើទុយោបូបយកកូនចេញ ហើយជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ បញ្ចូនទៅព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ និងបញ្ជូនព្យាបាលជម្ងឺបន្តនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ដោយជនរងគ្រោះមានសភាពយ៉ាប់យ៉ឺនខ្លាំងរហូតដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ៥០ នាទី ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង តែម្តង ។
បន្ទាប់ពីទទួលបណ្ដឹងពីសាច់ញាតិដែលត្រូវជាបងបង្កើតជនរងគ្រោះរួចមក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង ៣២ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរពេទ្យឆ្មបមធ្យម បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
Post a Comment