ដំណើរការប្រឡងបាក់ឌុប ២ថ្ងៃ បិទបញ្ចប់ គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ដំណើរការប្រឡងបាក់ឌុប ២ថ្ងៃ នៅថ្ងៃទី៦-៧វិច្ឆិកា ឆ្នាំ២០២៣ បានបិទបញ្ចប់ហើយ នាល្ងាចថ្ងៃទី៧វិច្ឆិកានេះ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្នុងនោះ បេក្ខជនអវត្តមានសរុប ២.៣២៨នាក់ ស្រី៩៣៤នាក់ ស្មើនឹង១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប (ក្នុងនោះ បេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤នាក់ ស្រី៧៤៩នាក់)។ បេក្ខជនមានបញ្ហាសុខភាព ៨៥ករណី។
ក្រសួងអប់រំ បានប្រកាសថា ដំណើរការសំណេរនៃការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២នាក់ ស្រី៧៣.២៧៨នាក់ ចែកជា ២២៧មណ្ឌលប្រឡង ត្រូវជា ៥.៥៤៣បន្ទប់។
ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានានៅក្នុងដំណើរការសំណេរសរុប ២៩.៥២៥នាក់ក្នុងនោះទីស្តីការក្រសួង ៤.១២៦នាក់ និងរាជធានី ខេត្ត ២៥.៣៥៥នាក់។ ថ្នាក់ដឹកនាំ មន្រ្តី និងអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសរុប ៣.០៤០នាក់ ។
បេក្ខជនអវត្តមានសរុប ២.៣២៨នាក់ ស្រី៩៣៤នាក់ ស្មើនឹង១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប (ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤នាក់ ស្រី៧៤៩នាក់)។ បេក្ខជនមានបញ្ហាសុខភាព ៨៥ករណី ក្នុងនោះបេក្ខជនមានបញ្ហាសុខភាព និងមិនអាចបន្តការប្រឡងបានចំនួន ៥ករណី ក្រៅពីនេះ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ បានបន្តការប្រឡងជាធម្មតា បន្ទាប់ពីអាការៈបានធូរស្រាល និងក្រោមការយកចិត្តទុក ដាក់មើលថែពីក្រុមគ្រូពេទ្យ។
នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងបានអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ទោះបីជានៅតាមបណ្ដាខេត្តមួយចំនួន មានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។
គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្សបានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវ និងដោយមានកិច្ចសហការល្អពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ក្រសួងអប់រំ បន្តថា បេក្ខជន បានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។ បេក្ខជនប្រព្រឹត្តកំហុសឆ្គងមាន ១ករណីគត់។
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ បានបញ្ចប់ទៅនៅម៉ោង ១៦:៣០ រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ហឹបសំណៅកិច្ចការបេក្ខជននិងសំណុំឯកសារពាក់ព័ន្ធការប្រឡងនឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត ហើយត្រូវបញ្ជូនមកកាន់រាជធានីភ្នំពេញដើម្បីបន្តដំណើរការកំណែ។
ជារួម ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។
តាមការគ្រោងទុក លទ្ធផលប្រឡង នឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងនៅតាមមណ្ឌលប្រឡង ក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia ៕
Post a Comment