អគ្គិភ័យលេបត្របាក់ តូបអាជីវករអស់ចំនួន​ ៤១៩តូប ក្នុងផ្សារបុរីសន្តិភាព២​ ខណ្ឌពោធិ៍សែនជ័យ​

 រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ តូប​លក់ដូរ​ជាង​៤១៩តូប​នៅ​ក្នុង​ផ្សារ​បុរី​សន្តិភាព​២ រួម​ជាមួយ​ទំនិញ និង​សម្ភារៈ​ទាំងអស់​នៅ​ក្នុង​តូប​ទាំងនោះ ត្រូវ​បាន​អណ្ដាតភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង​ក្នុង​ថ្ងៃ​បុណ្យអុំទូក​ទី​៣ ខណៈ​ពេល​ដែល​ម្ចាស់​តូប​កំពុង​ដេក​លង់លក់​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ហើយ​ការ​ឆាបឆេះ​នោះ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។

ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ក្នុង​ផ្សារ​បុរី​សន្តិភាព​២ ស្ថិត​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។
តាម​ប្រភព​ព័ត៌មាន បាន​ប្រាប់​ឲ្យ​ដឹង​ថា តូប​លក់ដូរ​ដែល​រង​ការ​បំផ្លាញ​ដោយសារ​គ្រោះ​អគ្គិភ័យ​នោះ មាន​ចំនួន​៤១៩​តូប ស្ថិត​នៅ​ក្នុង​អគារ​ទំហំ​៣២​ម៉ែត្រ​X១០០​ម៉ែត្រ សាងសង់​អំពី​ដែក​ប្រក់​ស័ង្កសី​។ ដោយឡែក​ម្ចាស់​ទីតាំង​មានឈ្មោះ ស្រី ចាន់​ថា​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​។
ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​មុន​កើតហេតុ ភ្លើង​បាន​ចាប់ផ្ដើម​ឆាបឆេះ​ដំបូង​ចេញពី​តូប​នៅ​កណ្ដាល​​ផ្សារ​តែ​ម្ដង រួច​ទើប​បន្ត​ឆេះ​រាលដាល​ទៅ​ដល់​តូប​ខាង​ៗ​ជា​បន្តបន្ទាប់​យ៉ាង​សន្ធោសន្ធៅ​។ ហើយ​ខណៈ​ពេល​ភ្លើង​ចាប់ផ្ដើម​ឆាបឆេះ​តិច​នោះ គឺ​ពុំ​មាន​នរណា​ម្នាក់​បានដឹង​ភ្លាម​ៗ​នោះ​ទេ ព្រោះ​ពេល​នោះ​ពុំ​មាន​អ្នក​លក់ដូរ​ឡើយ តូប​ទាំងអស់​ត្រូវ​បាន​បិទទ្វារ ហើយ​ម្ចាស់​តូប​នីមួយ​ៗ​ក៏​ទៅ​ដេក​នៅផ្ទះ​រៀង​ៗ​ខ្លួន​អស់​ទៅ​ហើយ​។
ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ចំណែក​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ធ្វើការ​ពន្លត់ភ្លើង​តាំងពី​ពេល​ឆេះ រហូត​ដល់​វេលា​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ដដែល ទើប​អណ្ដាតភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​២៦១​រថយន្ត ស្មើនឹង​១,០៥២​ម៉ែត្រគូប ។
ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ ពុំ​មាន​មនុស្ស​ណា​ម្នាក់​ស្លា​.​ប់ ឬ​រង​របួស​ឡើយ ដោយសារ​តែ​នៅ​ពេល​ភ្លើង​ឆាបឆេះ​នោះ ពុំ​មានការ​លក់ដូរ ឬ​មាន​មនុស្ស​ស្ថិត​នៅ​ទីតាំង​កើតហេតុ​នោះ​ឡើយ គឺ​តូប​ទាំងអស់​ត្រូវ​បាន​បិទទ្វារ​ទៅ​ហើយ​។
គួររំលឹកថា ៖ ថ្ងៃ​អុំទូក​ទី​៣! អណ្ដាតភ្លើង​ឆាបឆេះ​បំផ្លាញ​ជាង​២០០​តូប នៅ​ក្នុង​ផ្សារ​បុរី​សន្តិភាព​២ ៕









Powered by Blogger.